ខ្សែការពារ Juventus កីឡាករ Giorgio Chellini បានបង្ហើបថាកីឡាករទាំងអស់ដែលបង្វឹកដោយលោក Antonio Conte ហាក់ដូចជា “ស្លាប់”អញ្ចឹង បន្ទាប់ពីហ្វឹកហាត់គ្រប់កាលវិភាគក្នុងមួយថ្ងៃៗជាមួយគាត់រួច។
កៅអីគ្រូបង្វឹករបស់ Conte នៅ Chelseaកំពុងតែក្ដៅ ខណៈពេលតោខៀវកំពុងឈរលេខ៤ក្នុងតារាង Premier Leagueក្រោយចាញ់ហើយចាញ់ទៀតក្នុងរយៈកាលប៉ុន្មានប្រកួតចុងក្រោយ។ គ្រូបង្វឹកវ័យ៤៨ឆ្នាំធ្លាប់បានចំណាយពេល៣រដូវកាលនៅJuventus ដោយជួយក្លឹបអ៊ីតាលីមួយនេះឈ្នះពាន Serie A ៣ដង ហើយគាត់ក៏ជាគ្រូបង្វឹក Chiellini អំឡុងពេលនៅអ៊ីតាលីដែរ។
Chiellini លេងឲ្យជម្រើសជាតិអ៊ីតាលីបាន៩៦ប្រកួត បានបង្ហាញពីការចង់បានរបស់ Conte ពិសេសអំឡុងពេលហ្វឹកហាត់។ “ វាមិនត្រឹមតែក្នុងការប្រកួតជាមួយ Conte ប៉ុណ្ណោះទេ។ គឺវារាល់តែថ្ងៃហ្នឹង គ្រប់ៗកាលវិភាគហ្វឹកហាត់ទាំងអស់ គាត់គឺជាមេបញ្ជាការប៉ូលិស” ខ្សែការពារអ៊ីតាលីនិយាយក្នុងកាសែត Daily Mail។
“ យើងធ្លាប់មានអារម្មណ៍ថា មានអ្វីពិសេសក្នុងការដឹកនាំរបស់គាត់ ។ ៣ឆ្នាំជាមួយគាត់នៅ Juventus និង២ឆ្នាំនៅជម្រើសជាតិ។ពេលដែលអ្នកបញ្ចប់ការហ្វឹកហាត់ទាំងអស់ គឺអ្នកស្លាប់តែម្ដង មិនមែនអស់កម្លាំងទេ តែស្លាប់តែម្ដង។ អ្នកអាចបានត្រឹមតែធ្វើតាមគាត់ប៉ុណ្ណោះ ពីព្រោះអ្នកជឿជាក់អ្វីគ្រប់យ៉ាងដែលគាត់ធ្វើនិងចង់បានពីយើង”។
“យើងបានហ្វឹកហាត់នៅបារាំង៤០ថ្ងៃ ហើយវាហាក់ដូចជាទៅលេងនៅភពមួយទៀតអញ្ចឹង ។ អ្នកនឹងហ្វឹកហាត់១០០%ជាមួយគាត់។ គាត់បង្កើតបរិយាកាសមួយ គឺកីឡាករគ្រប់គ្នាផ្ដល់ថាមពលឲ្យគ្នាទៅវិញទៅមក ។ពិតណាស់! គាត់គឺជាគ្រូបង្វឹកល្អម្នាក់ក្នុងចំណោមគ្រូល្អៗជាច្រើន”៕