Manchester United បានរួចផុតពីការពិន័យរបស់ FIFA ក្នុងករណីទិញខ្សែបម្រើ Paul Pogba តម្លៃ៨៩លានផោន កាលពីរដូវកាលមុនពី Juventus ប៉ុន្តែក្លឹបយក្សអ៊ីតាលីនៅប្រឈមមុខនឹងការពិន័យ ខណៈពេលនេះពួកគេត្រូវបានស៊ើបអង្កេត។
យោងតាមអ្នកសរសេរព័ត៌មានរបស់ ESPN លោក Rob Dawson , បានសរសេរថា FIFA ប្រកាសថា Man Utd បានរួចផុតពីការពិន័យរបស់ FIFA ដោយពួកគេបានយកឯកសារទិញដូរកីឡាករក្រោយពេល FIFA បានកោះហៅសាកសួរ ប៉ុន្តែខាង Juventus វិញមិនទាន់រួចខ្លួនទេ ដោយពួកគេកំពុងធ្វើការស៊ើបអង្កេតសិន។
លោក Dawson បានបន្ថែមថា បិសាចក្រហមនិងសេះបង្កង់ត្រូវបាន FIFA ហៅទាំងពីរក្លឹបហ្នឹង ឲ្យបញ្ជាក់ពីការចុះកុងត្រាទិញកីឡាករ ខណៈ ភ្នាក់ងារទិញដូរកីឡាករ និងជាជំនួយការរបស់ Paul Pogba លោក Mino Raiola ទទួលបានប្រាក់៤១លានផោនពីការចុះកិច្ចព្រមព្រៀងនេះ ដែលធ្វើឲ្យ FIFA សង្ស័យមានអំពើពុករលួយណាមួយក្នុងរឿងនេះឬក៏មានអ្នកផ្សេងលូកដៃ។
ខ្សែបម្រើអន្តរជាតិបារាំង Pogba បានចាកចេញពី Old Trafford ទៅកាន់ Juventus កាលពីឆ្នាំ២០១២ បន្ទាប់ពីមិនបន្តកុងត្រាថ្មីជាមួយ Man Utd ខណៈកីឡាកររូបនេះ ចូលហ្វឹកហាត់ក្នុងឈុតយុវជនរបស់បិសាចក្រហមឆ្នាំ២០០៩។ បន្ទាប់ពីចំណាយពេល៤ឆ្នាំនៅ Juventus ដោយបង្កើនសមត្ថភាពខ្លាំង រូបគេត្រូវបាន Man Utd ទិញយកទៅវិញ កាលពីរដូវកាលមុនក្នុងតម្លៃបំបែកឯកត្តកម្មពិភពលោក ៨៩លានផោន៕