កាលពីល្ងាចថ្ងៃព្រហស្បតិ៍ អ្នក​ចាត់​ការ Real Madrid លោក Zinedine Zidane បាន​សម្រេចចិត្តលា​លែង​ពី​តំណែងយ៉ាងគួរឲ្យភ្ញាក់ផ្អើល។ ក្នុង​សន្និសីទ​សារព័ត៌មានភ្លាមៗរបស់ក្រុមរហស្សនាមអធិរាជស បុរសជនជាតិបារាំងបាន​និយាយ​ថា​ខ្លួន​មិន​បន្ត​ដឹកនាំ​ក្លឹប​យក្ស​អេស្ប៉ាញ​ទៀត​ទេ​នា​រដូវ​កាល​ក្រោយ។

ការ​ប្រកាស​ចាកចេញ​ពី​តំណែងអ្នកចាត់ការ Real Madrid យ៉ាងគួរឲ្យភ្ញាក់ផ្អើលនេះធ្វើឡើង១សប្ដាហ៍ ក្រោយក្លឹបទើបបានតែឈ្នះពានរង្វាន់ UEFA Champions League លើកទី១៣ នារដូវកាលនេះប៉ុណ្ណោះ។ បុរសវ័យ៤៥ឆ្នាំបាននិយាយយ៉ាងខ្លី​ថា៖ “ក្រោយ​រយៈ​ពេល ៣ ឆ្នាំ ការ​ផ្លាស់​ប្ដូរ គឺ​ចាំ​បាច់”។ យ៉ាងណាក្តី Zidane បានបង្ហើរថា ខ្លួន​នឹងអាចមកដឹកនាំក្លឹប Real Madrid ម្ដង​ទៀតនាពេលអនាគត។

ដោយឡែកអ្វីដែលគួរឲ្យភ្ញាក់ផ្អើលកាន់តែខ្លាំងតែទៀតនោះគឺ លោក Naguib Sawiris ជា​អ្នក​ជំនួញ​សញ្ជាតិ​អេហ្ស៊ីបនឹងជាបុរសដែលមានឥទ្ធិពលនៅតំបន់មជ្ឈឹមបូពា​បាន​បង្ហោះសារនៅ​ក្នុង​គណនី​ Twitter ផ្ទាល់ខ្លួន​ថា​ Zinedine Zidane នឹង​ទៅ​​ដឹកនាំ​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កាតា​រយៈ​ពេល​៤​ឆ្នាំ​រហូតដល់ឆ្នាំ២០១២ជាមួយ​នឹង​ថ្លៃនឿយហត៥០​លាន​ផោន​ក្នុង​មួយ​ឆ្នាំបូករួមនឹងប្រាក់បន្ថែមលើកទឹកចិត្តផ្សេងៗទៀត។

ក្នុងអំឡុងពេល ៣ ឆ្នាំក្នុងការដឹកនាំ Real Madrid លោក Zinedine Zidane ឈ្នះពានជាមួយក្លឹបដល់ទៅ ៨ ពាន ក្នុងនោះរួមមានពាន Champions League ៣ឆ្នាំជាប់គ្នា ពានលីគកំពូលអេស្ប៉ាញ (រដូវកាល ២០១៦/១៧) ពាន UEFA Super Cup ២លើក FIFA Club World Cup ២ដង និង Supercopa de Espana មួយលើកផងដែរ៕