បន្ទាប់​ពី​ការ​ចាកចេញ​របស់ ​Neymar​ក្រុម ​Barcelona ​កាន់​តែ​មាន​ទម្រង់​លេង​រឹត​តែ​ល្អ​ក្នុង​រដូវកាល​នេះ​ ឈាន​ដល់​ចំណុច​កំពូល​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ចាំទី​សញ្ជាតិ​អាល្លឺម៉ង់ ​Marc Andre ter stegen។

Neymar​បាន​ចេញ​ទៅ​ចូលរួម​ជាមួយ​ក្រុម​អ្នក​មាន ​PSG​ ចំ​ពេល​ដែល ​Barcelona​កំពុង​ជួប​បញ្ហា​ខ្វះ​កីឡាករ​ក្នុង​ក្រុម​ ហើយ​ត្រូវ​បាន​គូ​ប្រជែង​ស្លាប់​រស់​ Real​Madrid​ បំបាក់​យ៉ាង​ចាស់​ដៃ​៥​ទល់​និង​២ ​ក្នុង​ព្រឹត្តិការណ៍​ពាន​មុន​បើក​រដូវ​កាល ​Super Copa de Espana ដែល​នាំ​ឲ្យ​មាន​ការ​រិះគន់​ជា​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​ ចំពោះ​ទម្រង់​លេង​ដ៏​អន់​ថយ​នៅ​ពេល​នោះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ គ្រូ​បង្វឹក​ថ្មី​លោក ​Ernesto Valverde បាន​ព្យាយាម​កែ​សម្រួល​ចន្លោះ​ប្រហោង​នានា​ និង​បាន​ប្រើប្រាស់​ទម្រង់​លេង​ថ្មី​ដើម្បី​សម្រប​ទៅ​និង​ស្ថានភាព​ដែល​ក្រុម​ពុំ​មាន​ Neymar​ ជា​អ្នក​នាំ​លេង​ដ៏​ល្អ​ដូច​ពី​មុន​។ជា​លទ្ធផល​ជាក់ស្ដែង​ Barcelona​ បាន​ចាប់ផ្ដើម​រដូវ​កាល​ថ្មី​នេះ​ ដោយ​លេង​ចាញ់​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ​  និង​កំពុង​រក្សា​កំណត់ត្រា​មិន​ដែល​ចាញ់​ក្នុង​លីក ​La Liga​រហូត​ដល់​២៤​ប្រកួត​ជាប់​គ្នា​ និង​ដាច់​ពិន្ទុ​គូប្រជែង​ Real Madrid​ យ៉ាង​ឆ្ងាយ​រហូត​ដល់​១៧ពិន្ទុ។

 

ទោះ​បី​ជា​ដៃគូ​ប្រយុទ្ធ​រួម​គ្នា​ទាំង​បី​នាក់​ MSN​ត្រូវ​បាន​បាត់បង់​ហើយ​ តែ​ stegen នៅ​តែ​មាន​ជំនឿ​ថា​ ការ​បាត់បង់​នេះ​នឹង​ជំរុញ​ឲ្យ​កីឡាករ​ក្នុង​ក្រុម​មាន​ការ​ប្រឹងប្រែង​កាន់​តែ​ខ្លាំង​ ហើយ​វា​ជា​កម្លាំង​មួយ​ដែល​ជំរុញ​ទឹកចិត្ត​អោយ​ក្រុម​រឹត​តែ​ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត។​

៖”សមត្ថភាព​របស់​ Neymar​គឺ​អ្នក​មិន​អាច​ប្រកែក​​បាន​ទេ​គាត់​ពិត​ជា​លេង​ល្អ​មែនទែន​ ហើយ​គាត់​ជា​​កីឡាករ​ម្នាក់​ដ៏​មាន​សារសំខាន់​នៅ​ក្នុង​ក្រុម​ ក៏​ដូច​ជា​សមាជិក​គ្រួសារ​របស់​ពួក​យើង​។ ខ្ញុំ​គិត​ថា​គ្រប់​គ្នា​គួរ​តែ​យល់​ពី​អ្វី​ដែល​គាត់​ចង់​ធ្វើ​ប្រហែល​ជា​គាត់​ចង់​ឈ្នះ​ពាន​ផ្ទាល់ខ្លួន​អោយ​បាន​ច្រើន”។

ក្នុង​រដូវ​កាល​នេះ​ Barcelona​បាន​នាំ​កីឡាករ​២​នាក់​ដើម្បី​ប៉ះប៉ូវ​កន្លែង​របស់ ​Neymar ​គឺ​ Ousman Dembele ​និង​
Philippe Coutinho ​ដែល​មាន​តម្លៃ​ខ្លួន​សរុប​គឺ​ជិត​៣០០​លាន​អឺរ៉ូ​ ដែល​ជា​កំណត់​ត្រា​មួយ​ដ៏​ថ្លៃ​ក្នុង​ការ​ទិញ​កីឡាករ​។

Barcelona​ និង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ដី​របស់​ក្រុម​តោខៀវ​Chelsea ​ដើម្បី​ប្រកួត​Champion League ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជើង​ទី​១​នា​ថ្ងៃ​ពុធ​នេះ​ ដោយ​លោក​Valverde​បាន​នាំ​យក​កីឡាករ​ល្អ​ៗ​ទាំង​អស់​នៅ​ក្នុង​ក្រុម​ ដើម្បី​ត្រៀម​ក្នុង​ជំនួប​ដ៏​តានតឹង​មួយ​នេះ​ លើក​លែង​តែ​កីឡាករ​Nelson Semendo​ ដែល​ជាប់​ពិន័យ​និង​Coutinho​ ដែល​មិន​អាច​ចូល​លេង​បាន​ ព្រោះ​មាន​បញ្ហា​ជាមួយ​ច្បាប់​របស់​UEFA៕