លេង​២៤​ប្រកួត​ក្នុង​ La liga ក្លឹប​ជើង​ខ្លាំង​របស់​អេស្ប៉ាញ​​ Atletico Madrid របូត​គ្រាប់​បាល់​តែ​៩​គ្រាប់​ប៉ុណ្ណោះ​។ ស្ថិតិ​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​ក្លឹប​មាន​ប្រព័ន្ធ​ការពារ​រឹងមាំ​ជាង​គេ​បំផុត ​ក្នុង​លីក​កំពូល​ទាំង​៥​នៅ​អឺរ៉ុប​ (Premier League, La liga, Bundesliga, Serie A, Ligue 1) ខណៈ​ក្លឹប​ដទៃ​ទៀត​របូត​គ្រាប់​បាល់​លើស​ពី​១០​គ្រាប់​ ហើយ​អ្នក​ចាំ​ទី​ Jan Oblak ក្លាយ​ជា​បេក្ខភាព​មាន​ភាគរយ​ខ្ពស់​ឈ្នះ​ពាន​ Zamora award (ពាន​ស្រោម​ដៃ​មាសរបស់​អេស្ប៉ាញ​)។

បើ​និយាយ​ពី​ប្រព័ន្ធ​ការពារ​របស់​ក្លឹប​គូ​ប្រជែង​ Barcelona ​វិញ​ ក្រុម​របស់​លោក​ Ernesto Valverde របូត​គ្រាប់​បាល់​១១​គ្រាប់​ក្នុង​លីក​រដូវ​កាល​នេះ​​ ចំ​ពេល​ដែល​  Ter Stegen ឡើង​ថ្វី​ដៃ​ខ្លាំង​មែន​ទែន។ អញ្ចឹង​ក៏​ដោយ​ Barca នៅ​មាន​ប្រព័ន្ធ​ការពារ​អន់​ជាង​ក្រុម​លោក​ Diego Simeone ទេ។

ចំណែក​ក្រុម​បន្ទាប់​គឺ​មក​ពី​ក្របខ័ណ្ឌ​  Serie A គឺ ​Juventus និង​ Napoli។ ក្រុម​មក​អ៊ីតាលី​ទាំង​ពីរ​ គឺ​ជា​គូរ​ប្រជែង​ពាន​ស្លាប់​រស​ក្នុង​រដូវ​កាល​នេះ​​ ដោយ​របូត​គ្រាប់​បាល់​១៥​គ្រាប់​ដូច​គ្នា​​ ហើយ​ពួក​គេ​ទាំង​ពីរ​កំពុង​ប្រទាញប្រទង់​គ្នា​ដណ្ដើម​ពាន​លីក​កំពូល​អ៊ីតាលី។

និយាយ​ក្នុង​ពាន ​Bundesliga វិញ​ Bayern Munich របូត​ត្រឹម​តែ​១៩​គ្រាប់​ប៉ុណ្ណោះ​ ធ្វើ​ឲ្យ​ពួក​គេ​មាន​គ្រាប់​របូត​ស្មើ​គ្នា​ជាមួយ​ក្រុម​បារាំង​ Paris Saint-Germain​ដែល​របូត​តិច​ជាង​គេ​នៅ ​Ligue 1។​ និយាយ​ពី ​Premier League បិសាច​ក្រហម​​Manchester United របូត​តិច​ជាង​គេ​ ទោះ​បី​ជា​តាម​ពី​ក្រោយ​ក្រុម​គូ​ប្រជែង​រួម​ទី​ក្រុង ​Man City ​១៦​ពិន្ទុ​ក្ដី។ ​ស្ថិតិ​នេះ​ត្រូវ​អរគុណ​ដល់​ទម្រង់​លេង​ចត​ឡាន​ក្រុង​របស់​លោក​ Jose Mourinho​ផង​ដែរ។

សរុប​សេចក្ដី​! Atletico Madrid ​គឺ​ជា​ក្រុម​ដែល​មាន​ខែល​ការពារ​រឹងមាំ​ជាង​គេ​បំផុត​ក្នុង​លីក​កំពូល​ទាំង​៥​នៅ ​អឺរ៉ុប​ខណៈ​ពេល​នេះ​កំពុង​ប្រជែង​ពាន Europa League និង​តាម​ពី​ក្រោយ ​Barcelona ក្នុង ​La liga៕