នាឡិកា​បាន​រោទ៍​ឡើង​ដាស់​លោក​ Julen Lopertegui ​ថា​ដល់​ពេល​វេលា​ជ្រើសរើស​ក្រុម​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​សម្រាប់​ត្រៀម​ World Cup 2018 មក​ដល់​នា​ពេល​ខាង​មុខ​​ ខណៈ​ដែល​គ្រូ​បង្វឹក​រូប​នេះ​សរសើរ​ Marco Asensio និង ​Isco ពី​ទម្រង់​លេង​កើន​ឡើង​កាល​ពី​ថ្មី​ៗ​នេះ។

ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាប​វ័យ​ក្មេង​ Asensio បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ក្រោយ​ពេល​បង្ហាញ​ទម្រង់​លេង​ល្អ​ក្នុង​ជំនួប​ជាមួយ​ PSG និង​ Real Betis។ ក្នុង​ន័យ​នេះ​គ្រូ​បង្វឹក​វ័យ​៥១​ឆ្នាំ​បាន​និយាយ​ហើយ​ថា​​កីឡាករ​ទាំង​អស់​ត្រូេះ​តែ​ខ្លាំង មាន​សុខភាព​ល្អ​(មិន​របួស)​និង​មាន​ទម្រង់​លេង​ល្អ​បំផុត។

អ្វី​ដែល​ពួក​យើង​តែង​តែង​ចង់​បាន​​ គឺ​កីឡាករ​ទាំង​អស់​ដែល​ជា​របស់​យើង​យ៉ាង​ជាក់លាក់​ មាន​សុខភាព​ល្អ ​និង​រក្សា​ទម្រង់​លេង​បាន​ល្អ​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​ ដើម្បី​ឲ្យ​ពួក​គេ​អាច​ដឹកនាំ​ក្រុម​បាន​ល្អ​លើ​ទីលាន“គ្រូ​បង្វឹក​រូប​នេះ​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ ​ Foro Nueva Murcia​កាល​ពី​ម្សិលមិញ។

Isco លេង​បាន​យ៉ាង​អស្ចារ្យ​ក្នុង​ការ​ប្រកួត​សំខាន់​នៅ ​Champions League ទល់​នឹង ​PSG ហើយ​គាត់​ជា​កីឡាករ​សំខាន់​សម្រាប់ ​Real Madrid ។ សម្រាប់ ​Asensio ខ្ញុំ​ក៏​គិត​ដូច​គ្នា​ដែរ។​ យើង​ចង់​ឲ្យ​កីឡាករ​ទាំង​អស់​ក្លាយ​ជា​តារា ​ហើយ​សប្បាយ​រីករាយ​ក្នុង​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​ ជា​ជាង​ភាព​ភ័យខ្លាច​មិន​បាន​លេង​ពេញ​លេញ​ក្នុង​ក្លឹប​របស់​ពួក​គេ។ នេះ​ជា​រឿង​សំខាន់​របស់​ពួក​យើង“។

រំលឹក​ផង​ដែរ​ថា​​ក្រុម​គោ​ជល់​អេស្ប៉ាញ​នឹង​ត្រូវ​ជួប​ក្រុម​ឥន្ទ្រី​ដែក​អាល្លឺម៉ង់ ​និង​ពពក​ស​អាហ្សង់ទីន ​​ក្នុង​លក្ខណៈ​មិត្តភាព​ក្នុង​មីនា​មុន​ពេល​រៀប​ចំ​ខ្លួន​សម្រាប់​ World Cup នៅ​រុស្សី៕