យុទ្ធសាស្ត្រ​របស់​លោក Jose Mourinho ​ត្រូវ​បាន​លោក Henk ten Cate គ្រូ​បង្វឹក​ក្លឹប​អេមីរ៉ាតអារ៉ាប់រួម​ Al Jazira ខ្ចី​យកទៅ​ប្រើ​ជាមួយ​ Real Madrid ក្នុង​ការ​ប្រកួត​ Club World Cup វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​យប់​នេះ។

ការ​ឈ្នះ​ក្រុម​ Aukland City  របស់​នូវែលហ្សេឡង់ និង​ Urawa Red Diamonds ​របស់​ជប៉ុន បាន​ធ្វើ​ឲ្យ​ក្រុម​របស់​លោក​ ត្រូវ​មក​ជួប​ក្រុម​ម្ចាស់​ជើង​ឯក​អឺរ៉ុប​ Real Madrid ​ដែល​ជា​ក្លឹប​ធ្លាប់​ត្រូវ​បាន​លោក​ Jose Mourinho ដឹកនាំ​កាល​ពី​ជិត​១០​ឆ្នាំ​មុន។ ហើយ​ក្នុង​ការ​ប្រកួត​ លោក Ten Cate បាន​គិត​ថា​ក្រុម​របស់​លោក ​នឹង​យក​យុទ្ធ​លេង​របស់​លោក ​Jose Mourinho មក​ទប់​ទល់​ជាមួយ​ស្ដេច​ស​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​នៅ​កីឡដ្ឋាន Zayed Sport City Stadium។

“ យើង​ត្រូវ​ការ​ឡាន​ក្រុង​៣​ ហើយ​លោក​ Jose Mourinho ប្រហែល​ជា​យក​ឡាន​ក្រុង​២​ទៀត​មក​ជួយ​ទប់​នៅ​ពី​មុខ​ទី​ របស់​យើង”​គ្រូ​បង្វឹក​សញ្ជាតិ​ហូឡង់​និយាយ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ម្សិល​មិញ។

“ ក្ដី​សុបិន​គឺ ​OK ប៉ុន្តែ​យើង​នឹង​ល្ងង់​នោះ​ទេ ​អ្នក​ត្រូវ​តែ​ទទួល​ស្គាល់​ការ​ពិត​​ ហើយ​ប្រសិន​បើ​អ្នក​ទទួល​ស្គាល់​ការ​ពិត​ ឱកាស​ឈ្នះ​នឹង​ពិត​ជា​មិន​ច្រើន​នោះ​ទេ។ ​ភាព​ខុស​គ្នា​នៃ​គុណភាព​របស់​ក្រុម​គឺ​ធំ​ខ្លាំង​ពេក​​ ប៉ុន្តែ​ពួក​គេ​ (Real Madrid )​នឹង​ប្រយុទ្ធ​ដូច​ដែល​ពួក​គេ​ធ្វើ​កន្លង​មក​។ ពួក​គេ​នឹង​ប្រយុទ្ធ​រហូត​ដល់​ចប់​”៕