Zlatan Ibrahimovic បានទម្លាយពីកាសម្រេចចិត្តចាកចេញពី Manchester United ទៅលេងនៅ LA Galaxy ពីព្រោះតែគាត់មិនមានអារម្មណ៍នឹងលេងនៅ Old Trafford ទៀតទេ។
លោក Jose Mourinho បានបើកភ្លើងខៀវឲ្យកីឡាករវ័យ៣៦ឆ្នាំចាកចេញពី Man Utd ហើយបិទកុងត្រាចោល ដោយឲ្យទៅលេងនៅរួមនៅក្លឹបលីកកំពូលអាមេរិកដោយគ្មានតម្លៃខ្លួន។ ក្នុងរដូវកាលនេះ រូបគេលេងបាន៧ប្រកួតរកបាន១គ្រាប់ក្រោយជាពីរបួសហើយខ្សែប្រយុទ្ធរូបនេះចង់បានពេលវេលាលេងច្រើនជាងនេះទើបបានជាចាកចេញ។
“ខ្ញុំសម្រេចចិត្តទៅចុះកុងត្រាជាមួយ Galaxy ពីព្រោះខ្ញុំគិតថាវាជាកន្លែងដ៏ត្រឹមត្រូវសម្រាប់ខ្ញុំ។ ខ្ញុំមានអ្វីៗគ្រប់យ៉ាងទៀតសម្រាប់ផ្ដល់ឲ្យដល់អ្នកដែលចង់បាន។ ខ្ញុំអាចជួយពួកគេបានច្រើន ហើយពួកគេជាក្រុមល្អបំផុតនៅអាមេរិក” Zlatan និយាយក្នុងវេបសាយផ្លូវការរបស់ក្លឹប។
“គ្មានអ្វីគួរឲ្យសង្ស័យទេ ខ្ញុំមានការរំពឹងខ្ពស់ខ្ញុំទុកសម្ពាធលើខ្លួនឯងហើយត្រូវការលេងបានច្រើនប្រកួត។ ខ្ញុំគ្រាន់តែចង់លេងបានច្រើនម្ដងទៀត ខ្ញុំត្រូវការលេង”។
“ ពេលនេះខ្ញុំប្រៀបដូចជាក្មេងតូចម្នាក់នៅពេលដែលគេហុចស្ករគ្រាប់លើកដំបូងហើយគាត់ចង់បានស្ករគ្រាប់នោះច្រើនទៀត។នោះគឺជាអ្វីដែលខ្ញុំត្រូវការខ្ញុំត្រូវការលេងខ្ញុំចង់លេង”៕