យោងតាមសារព័ត៌មាននៅអេស្ប៉ាញបានចេញផ្សាយថា ក្រុមអធិរាជស Real Madrid ត្រៀមចាយលុយធំ៣០៧លានផោន (៤១១លានដុល្លារសហរដ្ឋអាមេរិក) ដើម្បីទិញយកខ្សែប្រយុទ្ធ Neymar ពី Paris Saint Germain មកកាន់ទឹកដីអេស្ប៉ាញវិញនារដូវកាលថ្មីនេះ។
ប្រធានក្លឹប Real Madrid លោក Florentino Perez កំពុងតែដុតដៃដុតជើងក្នុងការធ្វើឲ្យរឿងនេះកើតឡើងក្នុងពេលឆាប់ៗនេះ ហើយបើសិនជាពិតមែន Neymar នឹងបំបែកឯតទគកម្មក្នុងកំណត់ត្រានៃការផ្ទេរសារជាថ្មីម្តងទៀត ពោលគឺបន្ទាប់ពីការផ្ទេរមកពី FC Barcelona។
មានរបាយការណ៍ជាច្រើន បានលើកឡើងថា Neymar គ្រោងចាកចេញពីក្លឹបបារាំង PSG មកចូលរួមជាមួយ Real Madrid នារដូវកាលក្រោយ ខណៈ PSG ម្ដងហើយម្ដងទៀត បានទាត់ចោលពាក្យនេះ ដោយឡែកប្រធានក្លឹបវិញ ជឿជាក់ ២០០០% ថាកីឡាករប្រេស៊ីលនឹងមិនចាកចេញពីក្លឹបនោះទេ។
គួររម្លឹកដែរថា Neymar ទើបតែចេញពី Barcelona មកចូលរួមជាមួយ PSG ក្នុងតម្លៃផ្ទេរថ្លៃបំផុត កាលពីខែសីហា ឆ្នាំមុន ប៉ុណ្ណោះ។ កីឡាករស៊ុតចូល ២៨ គ្រាប់ ក្នុងការបង្ហាញខ្លួន ៣០ លើកក្នុងក្លឹបយក្សបារាំងក្នុងរដូវកាលនេះ៕