ខ្សែការពារស្លាបស្ដាំរបស់ Manchester City កីឡាករ Danilo បានដឹងថា PSG ប្រឈមមុខនឹងបញ្ហាជាច្រើន ពេលដែលពួកគេជួប Real Madrid ប៉ុន្តែកីឡាករប្រេស៊ីលនេះអះអាងថា ពិតសប្បាយបើក្រុម Man City ជាប់គូប៉ះម្ចាស់ជើងឯក Champions League។
Danilo បាននិយាយបកក្រោយមុនជំនួប Real Madrid ប៉ះ PSG ថាមានមនុស្សមួយចំនួនបានគិតថា ឥទ្ធិពលរបស់ Real Madrid បានបាត់បង់ទៅហើយ ពិសេស PSG ដែលគិតថាស្ដេចសមិនល្អដូចមុន។
ខ្សែការពារប្រេស៊ីលបានចាកចេញពី Bernabeu កាលពីខែកក្កដាឆ្នាំមុន ដោយចុះកុងត្រាជាមួយ Manchester City ហើយរូបគេក៏សមាជិកម្នាក់ជួយក្លឹបឡើងទៅវគ្គ៨ក្រុមចុងក្រោយ ទោះបីជាចាញ់ FC Basel ជើងទី២ក្នុងលទ្ធផល១ទល់២ក៏ដោយ។
ក្រោយចប់ការប្រកួតយប់មិញ Danilo ដែលធ្លាប់ជួយ Real Madrid ឈ្នះពាន Champions League ២ដងដែរនោះបាននិយាយថា៖” មានតែមនុស្សមួយក្ដាប់តូចប៉ុណ្ណោះ ដែលមិនដឹងពី Real Madrid ហើយគិតថាពួកគេស្លាប់បាត់ទៅហើយ។ Real Madrid ឈ្នះ Champions League ២ដងចុងក្រោយ ហើយមនុស្សទាំងនោះបាននិយាយថាពួកគេ(Real)ស្លាប់បាត់ទៅហើយ។ Madrid មានប្រវត្តិសាស្ត្រ អ្នកគាំទ្រ ហើយអ្នកត្រូវតែបង្ហាញការគោរពចំពោះពួកគេ”។
“យើងកំពុងស្វែងរកផ្លូវត្រូវ ដើម្បីឈានដល់គោលបំណងដ៏ធំរបស់យើង។ វាពិតជាពិបាកណាស់ ហើយយើងនឹងប្រឈមមុខជាមួយក្រុមធំៗខ្លាំងៗពីឥឡូវនេះទៅ ប៉ុន្តែយើងរក្សាការធ្វើការធ្ងន់ ដើម្បីសម្រេចស្នាដៃធំៗដែលយើងរំពឹង”។
“យើងមិនអាចជ្រើសរើសថាក្រុមមួយណាដែលលេងចង់ជួបនោះទេ យើងមានតែត្រៀមខ្លួនឲ្យរួចរាល់ ហើយព្យាយាមយកឈ្នះ”៕