ខ្សែប្រយុទ្ធ Gareth Bale ត្រូវបានគេរាយការណ៍មកថា អាចនឹងដើរចេញពីក្រុមអធិរាជស Real Madrid ក្រោយពីមិនសូវបានជាប់ជម្រើសដំបូងញឹកញាប់នារដូវកាលនេះ។ កីឡាករវ័យ ២៨ឆ្នាំរូបនេះ បានក្លាយជាជម្រើសទី២ របស់អ្នកចាត់ការ Zinedine Zidane ដោយនៅរដូវកាលនេះ Bale ចូលលេងឲ្យ Real Madrid តែ១៦ដងប៉ុណ្ណោះ ខណៈ Isco គឺជាអ្នករ៉ាប់រងតំណែងរបស់គេ។

នៅក្នុងរដូវកាលនេះ អតីតសមាជិក Southampton និង​ Spur ខាងលើតែងតែមានរបួស ព្រមទាំងមានទម្រង់លេងមិនសូវល្អ ដែលជាហេតុធ្វើឲ្យគ្រូបង្វឹកបានផ្តល់ទំនុកចិត្តខ្លាំងទៅលើ Isco និងខ្សែបម្រើវ័យក្មេង Asensio ចូលលេងនៅក្នុងជម្រើស១១នាក់ដំបូងតែម្តង។

ដោយឡែកម្ចាស់ក្លឹប Florentino Perez​ ធ្លាប់បានប្រកាសម្តងរួចមកហើយសម្រាប់ក្លឹបដែលចង់បាន Bale នៅពេលនេះ ត្រូវចាយលុយប្រមាណមិនក្រោម១០០លានអឺរ៉ូនោះទេ បើសិនជាចង់យកកីឡាករសញ្ជាតិវែលចេញពីទឹកដី Santiago Bernabeu។

ប្រភព៖ The Sun