ខ្សែប្រយុទ្ធឆ្នើមប្រេស៊ីល Neymar កំពុងស្ថិតក្នុងដំណើរឆ្ពោះទៅ World Cup 2018 នៅរុស្ស៊ី ដោយរូបគេបានត្រលប់ទៅដល់ទីក្រុង Rio de Janeiro កាលពីថ្ងៃអង្គារទី២២ខែឧសភា ដើម្បីចូលរួមហាត់ជាមួយមិត្តរួមក្រុម។ ប៉ុន្តែបញ្ហារបួសថ្មីបានកើតឡើងក្នុងក្រុមរបស់លោក Tite ដោយខ្សែប្រយុទ្ធស្លាប Douglas Costa មានបញ្ហាភ្លៅ។
Neymar បានអវត្តមានពីការប្រកួតអស់ពេលជាច្រើនខែ ចាប់តាំងពីរងរបួសកជើងនិងបាក់ឆ្អឹងក្នុងប្រអប់ជើងក្នុងខែកុម្ភៈ ដែលឈានទៅដល់ការវះកាត់ព្យាបាលនៅប្រេស៊ីល។ តែពេលនេះប្រភពនានាអះអាងថាដំណើរនៃការពង្រឹងកាយសម្បទាឡើងវិញរបស់តារាក្លិប Paris St Germain ដដែលនេះកំពុងវិវឌ្ឍយ៉ាងល្អ។
ដោយឡែក តារាមកពីក្លិប Juventus : Douglas Costa ត្រូវបានរាយការណ៍ថាបានរងរបួសភ្លៅស្ដាំអំឡុងការប្រកួតសម្រាប់ក្លិបយក្សអ៊ីតាលីនេះទល់នឹង Verona សប្ដាហ៍មុន។ ថ្វីបើគេរំពឹងថានឹងជាទាន់ពេល World Cup នៅថ្ងៃទី១៤ខែមិថុនា ប៉ុន្តែវត្តមានរបស់កីឡាករវ័យ២៧ឆ្នាំរូបនេះក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំជាមួយ ក្រូអាត និង អូទ្រីស កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។