របាយការណ៍​ក្នុង​ប្រទេស​អេស្ប៉ាញ​បាន​បញ្ជាក់​ថា​ FIFA អាច​នឹង​ចាត់​វិធានការ​យ៉ាង​ធ្ងន់ធ្ងរ​ នៅ​ពេល​ដែល​ពួក​គេ​ស៊ើប​អង្កេត​ឃើញ​ថា អំពើ​ពុករលួយ​ដែល​ធ្លាប់​កើត​ឡើង​ក្នុង​វិស័យ​បាល់​ទាត់​អេស្ប៉ាញ​ចេញ​ពី​អ្នក​នយោបាយ ​នៅ​តែ​ញាំញី​បន្ត​ទៀត។

កាសែត​អេស្ប៉ាញ​ El Pais បញ្ជាក់​ថា​អេស្ប៉ាញ​អាច​នឹង​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​​មិន​បាន​លេង​ពាន​រង្វាន់ ​FIFA World Cup ប្រសិន​បើ​រក​ឃើញ​មាន​ការ​លូកដៃ​ពី​អ្នក​នយោបាយ​ក្នុង​ប្រទេស​នេះ​មែន​នោះ។ សហព័ន្ធ​កីឡា​បាល់ទាត់​អេស្ប៉ាញ​ (RFEF)​ បាន​ទទួល​ការ​ជូន​ដំណឹង​ជា​សារ​ព្រមាន​ពី​ស្ថាប័ន​គ្រប់គ្រង​កីឡា​បាល់ទាត់​​ពិភពលោក​ ពី​លូកដៃ​របស់​រដ្ឋាភិបាល​អេស្ប៉ាញ​ក្នុង​វិស័យ​កីឡា​អាច​នាំ​ឱ្យ​មាន​ការ​ព្យួរ​ជម្រើស​ជាតិ​អេស្ប៉ាញ​​ពី​សមាជិក​របស់​ FIFA​ ហើយ​​ពួក​គេ​នឹង​មាន​មិន​អាច​ចូល​រួម​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ World Cup2018 ខាង​មុខ​ ។​

ប្រសិន​បើ​ FIFA ស៊ើប​អង្កេត​រក​ឃើញ​មែន​នោះ​អេស្ប៉ាញ​អាច​ត្រូវ​បាន​បដិសេធ​ឱកាស​របស់​ពួកគេ​ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​នៅ​ប្រទេស​រុស្សី ​ដោយសារ​តែ​អំពើ​ពុករលួយ​​ចេញ​ពី​នយោបាយ​។ មូល​ហេតុ​ពី​ក្រោយ​នៃ​ការ​ដាក់​ទណ្ឌកម្ម​នេះ ​គឺ​មក​ពី​មាន​ការ​ដាក់​សំណើ​មួយ​ឲ្យ​មាន​ការ​រៀប​ចំ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សហព័ន្ធ​បាល់​ទាត់​អេស្ប៉ាញ​ជា​ថ្មី​​ ពី​តុលាការ​ជាន់​ខ្ពស់​នៃ​ក្រសួង​កីឡា​អេស្ប៉ាញ​ ដែល​នេះ​គឺ​អាច​ដឹង​ថា​រដ្ឋាភិបាល​អេស្ប៉ាញ​បាន​លូក​ដៃ​ចូល​កិច្ចការ​របស់​ RFEF ក្នុង​គោល​បំណង​បញ្ចប់​បញ្ហា​ចម្រូង​ចម្រាស់​នៃ​ការ​ចាក​ចេញ​ពី​លោក​ Angel Villa Maria អតីត​ប្រធាន​សហព័ន្ធ​បាល់​ទាត់​អេស្ប៉ាញ​ចាស់​។

​សកម្មភាព​ដាក់​សំណើ​ឲ្យ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​ពី​សំណាក់​រដ្ឋាភិបាល​អេស្ប៉ាញ​នេះ ​ធ្វើ​ឲ្យ​ FIFA ព្រួយ​បារម្ភ​ថា​ បាល់​ទាត់​អេស្ប៉ាញ​កំពុង​ជួប​ហានីភ័យ​ហើយ៕