បន្ទាប់ពីបានជួយក្រុមអោយទទួលបានជ័យជំនះ​ទៅលើក្រុមMalaga , Philippe Coutinho បានប្រាប់អោយដឹងថា ជំនួបជើងទី២ជាមួយ Chelsea នាប៉ុន្មានថ្ងៃខាងមុខនេះ មិនបានធ្វើអោយកីឡាករនៅក្នុងក្រុមមានការគិតខ្វល់ខ្វាយនោះទេ។

ក្រុមយក្សកាតាឡាន់មួយនេះបានផ្ញើសារដល់ Atletico Madrid និងក្រុមដទៃទៀតនៅ La Liga ថា ពានរង្វាន់លីកក្នុងរដូវកាលនេះនឹងក្លាយជារបស់ពួកគេ ហើយគ្មានក្រុមណាអាចមកដណ្ដើមបាននោះទេ។​ ក្នុងការប្រកួតកាលពីយប់ថ្ងៃ​សៅរ៍  Luis Suarez ជាអ្នករកគ្រាប់បាល់បើកឆាកមុនគេ ដោយប្រើក្បាលតែតបញ្ចូលទីបានយ៉ាងល្អ ចំណែក Coutinho ជាអ្នករកបានគ្រាប់ទី២ ដែលជាគ្រាប់ជ័យជំនះ ដោយប្រើកែងជើងទាត់ពែនបញ្ចូលទីយ៉ាងស្អាត ក្រោយពី Ousmann Dembele ជាអ្នកបញ្ជូនបាល់អោយ។

ចំពោះអវត្តមានរបស់ Messi កាលពីម្សិលមិញ ដោយសារនៅមើលថែភរិយាដែលទើបសម្រាលបុត្រ , Coutinho បានសម្ដែងចំណាប់អារម្មណ៍ថា៖”  Messi ជាកីឡាករល្អជាងគេលើលោក ហើយពួកយើងតែងតែនឹកគាត់។ ប៉ុន្ដែមានរឿងដ៏ល្អមួយបានកើតឡើងក្នុងគ្រួសាររបស់គាត់ យើងទាំងអស់គ្នាសូមចូលរួមអបអរសាទរផងដែរ”៕

BeSoccer