គ្រូ​បង្វឹក​ក្រុម​កាំភ្លើង​ធំ​ Arsenal លោក Arsene Wenger បាន​ព្រមាន​ដល់​ខ្សែ​ការពារ​ក្រុម​របស់​លោក​ថា​​ ​ពួក​គេ​នឹង​ត្រូវ​ជួប​ជាមួយ​​ខ្សែ​ប្រយុទ្ធ​ដ៏​គ្រោះថ្នាក់​ម្នាក់​គឺ​ Alvaro Morata ក្នុង​ជំនួប​​Chelsea ប៉ះ​​Arsenal នៅ​យប់​ថ្ងៃ​អាទិត្យ​នេះ។

កីឡាករ​វ័យ​២៤​ឆ្នាំ​ Morata បាន​បង្ហាញ​ថ្វី​ជើង​យ៉ាង​ល្អ​ក្នុង​ដើម​រដូវ​កាល​ជាមួយ​អាជីព​ក្នុង​ Premier League ជាមួយ​Chelsea ដោយ​ទាត់​បញ្ចូល​ទី​បាន​៣​គ្រាប់និង​បញ្ជូន​បាល់​បាន​២​ដង​ក្នុង​ការ​បង្ហាញ​ខ្លួន​៤​ដង​។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​ត្រូវដាក់​ឲ្យ​សម្រាក​ក្នុង​ការ​ប្រកួត​នៅ ​Champions League ​ដែល​ឈ្នះ​ Qarabag ៦-០​កាល​ពី​ថ្ងៃ​អង្គារ៍​ប៉ុន្តែ​គេ​រំពឹង​ថា​នឹង​នាំ​ក្រុម​លេង​ទល់​នឹង​ Arsenal ក្នុង​កីឡដ្ឋាន Stamford Bridge។ ដូច្នេះ​ហើយ​លោក Wenger បាន​និយាយ​ថា​ឲ្យ​ក្រុម​របស់​ខ្លួន​ប្រយ័ត្ន​និង​ការពារ​កីឡាករ​ម្នាក់​នេះ​ឲ្យ​មែន​ទែន។

លោក Wenger បាន​និយាយ​ក្នុង​សន្និសីទ្ធ​សារព័ត៌មាន​ថា​“ គាត់​គឺ​ជា​កីឡាករ​ដែល​មាន​កម្រិត​តិកនិក​ល្អ​ណាស់​។ គាត់​អាច​បញ្ជូន​បាល់​បាន​យ៉ាង​ល្អ​ អាច​ប្រើ​ក្បាល​បញ្ចូលទី​ច្បាស់ៗ ហើយ​គាត់​ពិត​ជា​កីឡាករ​ដែល​គ្រោះថ្នាក់​ទាំង​អស់​តែ​ម្ដង។”

” អាច​រក​គ្រាប់​បាល់​បាន​ច្រើន​ក្នុង​មួយ​ប្រកួត​ គាត់​គឺ​ជា​សុបិន​អាក្រក់​របស់​ខ្សែ​ការពារ។ គាត់​ធ្លាប់​លេង​នៅ ​Juventus និង ​Real Madrid ។ ជឿ​ខ្ញុំ​ទៅ​ ពួក​គេ ​(Chelsea)មិន​ដែល​យក​កីឡាករ​អន់ៗ មក​ពី​ក្លឹប​ទាំង​នោះ​នោះ​ទេ”