ខ្សែ​ប្រយុទ្ធ ​Liverpool ​កីឡាករ​ Roberto Firmino បាន​និយាយ​ថា​ ចង់​ឲ្យ​ហង្សក្រហម ​ចាប់​គូ​ប៉ះ​ចំ​ក្រុម​មក​ពី​អង់គ្លេស​ក្នុង​Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ។

ក្រុម​ហង្ស​ក្រហម​ បាន​ឡើង​ទៅ​វគ្គ៨​ក្រុម​ចុង​ក្រោយ​ជា​លើក​ដំបូង​ បើ​គិត​ចាប់​តាំង​ពីរ​ឆ្នាំ​២០០៩​មក ​ហើយ​បន្ទាប់​ពី​ឈ្នះ​ក្រុម​ព័រទុយហ្គាល់​ Porto ទាំង​ពីរ​ជើង​ក្នុង​លទ្ធផល​៥​ទល់​០។ ក្នុង​វ​គ្គ​៨​ក្រុម​ចុង​ក្រោយ​ក្រុម​លោក Jurgen Klopp ងាយ​នឹងជួប​ក្រុម​អង់គ្លេស​ដូច​គ្នា ​ខណៈ​ដែល​គូ​ប្រជែង​ពាន​ក្នុង​ក្រប​ខណ្ឌ ​Premier League មេឃ​ខៀវ ​Manchester City ក៏​បាន​ឡើង​ទៅ​រួច​ហើយ​ដែរ​ក្រោយ​ឈ្នះ ​Basel ខណៈ​ពេល​ដែល​ Manchester United និង​Chelsea លេង​នៅ​អាទិត្យ​ក្រោយ។

ជា​រឿយៗ ក្លឹប​នៅ​ក្នុង​លីក​ជាមួយ​គ្នា​មិន​ចង់​ជួប​គ្នា​នោះ​ទេ ​​ប៉ុន្តែ Firmino ចង់​ជួប​ក្រុម​នៅ​លីក​ជាមួយ​គ្នា​ដោយ​សារ​តែ​សមត្ថភាព​ធ្លាប់​បាន​ថ្លឹងថ្លែង​រួច​ហើយ​ ក្រោយ​ជួប​គ្នា​នៅ​ការ​ប្រកួត​កន្លង​មក។

​ពិត​ណាស់​!យើង​ចង់​ឲ្យ​ក្រុម​ចាប់​គូ​ប៉ះ​ក្រុម​មក​អង់គ្លេស​ណា​មួយ​។ យើង​បាន​បង្ហាញ​សមត្ថភាព​របស់​យើង​នៅ​២​រដូវ​កាល​ចុង​ក្រោយ​នេះ​ថា​យើង​អាច​យក​ឈ្នះ​ក្លឹប​ធំ​ៗ​នៅ​អង់គ្លេស​។ កំណត់​ត្រា​របស់​យើង​ពិត​ជា​ល្អ​ពេល​លេង​ជាមួយ​ពួក​គេ”។

“​យើង​មាន​អារម្មណ៍​ថា​​យើង​បាន​លេង​ក្នុង​ការ​ប្រកួត​ដ៏​ល្អ​ទល់​នឹង​កំពូលៗ​មក​ពី​អង់គ្លេស​ហើយ​បាន​បង្ហាញ​ថា​យើង​អាច​យក​ឈ្នះ​ពួក​គេ​។​ប៉ុន្តែ​យើង​នឹង​មិន​ខ្លាច​ក្រុម​ណា​ទាំង​អស់​ទោះ​ចាប់​ឆ្នោត​ប៉ះ​ក្រុម​មក​អង់គ្លេស​ឬ​ក្រុម​មក​ពី​ប្រទេស​ផ្សេង”។

ទោះ​បី​ជា​ Firmino ចង់​ជួប​ក្រុម​អង់គ្លេស​ប៉ុន្តែ​ Emre Can បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​រូប​គេ​ចង់​ជួប​ក្រុម​មក​ប្រទេស​ផ្សេង​ទៀត ​ប៉ុន្តែ​គេ​មិន​ដឹង​នឹង​ត្រូវជួប​ក្រុម​ណា​នោះ​ទេ”៕