ក្រោយពីការសម្រាក International Break និងការលេងមិត្តភាពលក្ខណៈ FIFA Day បានបញ្ចប់ទៅ នោះការប្រកួតតាមលីកកំពូលនានានៅជុំវិញពិភពលោក ក៏នឹងចាប់ផ្ដើមយុទ្ធនាការឡើងវិញផងដែរ។ តែបញ្ហាជាច្រើនបានបន្សល់
ទុកអោយក្លឹបជាអ្នករ៉ាប់រ៉ងទៅវិញ ជាពិសេសរឿងឈឺក្បាលជាងគេគឺបញ្ហាកីឡាករមានរបួស ដែលបណ្ដាលពីការលេងអោយជម្រើសជាតិ។
ជាក់ស្ដែង ក្រុមខ្លាំង FC Barcelona កំពុងឈឺក្បាលខ្លាំងរឿងកីឡាកររបួសនេះឯង ខណៈការប្រកួតលីក La Liga នឹងត្រូវចាប់ផ្ដើមលេងនាថ្ងៃសៅរ៍ ទី៣១ នេះហើយ ដោយត្រូវប៉ះជាមួយក្រុមខ្លាំង Sevilla នៅក្រៅដីថែមទៀត។ សម្រាប់ស្ថានភាពបច្ចុប្បន្នរបស់ Barcelona មានកីឡាកររបួសដូចជា Messi, Busquet, Stegen, Gerrad Pique និង Jordi Alba ដែលពួកគេសុទ្ធតែជាកីឡាករសំខាន់ៗនៅក្នុងក្រុម។
ចំពោះអ្នកពូកែរកគ្រាប់នៅក្នុងក្រុមគឺកីឡាករ Luis Suárez ក៏មានការនឿយហត់ផងដែរ ក្រោយពីជួយជម្រើសជាតិអ៊ុយរូហ្កាយលើកពានមិត្តភាពនៅចិនរួចមក ប៉ុន្ដែហាក់មានស្ថានភាពល្អប្រសើរវិជ្ជមាន។ ចំណែកកីឡាករជើងចាស់ Andre Iniesta អាចចូលលេងបានដោយមិនមានបញ្ហានោះទេ។
Barcelona កំពុងកាន់កាប់កំពូងតារាងដាច់គេតែម្នាក់ឯង នាំគូប្រជែង Atletico Madrid ចំនួន១១ពិន្ទុ និង Real Madrid ចំនួន១៥ពិន្ទុ។ ចំណែក Sevilla ស្ថិតនៅលេង៦ ក្រោយគេក្រោយឯង ប៉ុន្ដែពួកគេនៅតែមានភាពខ្លាំងក្លា អាចបង្កគ្រោះថ្នាក់ដល់គូប្រកួតគ្រប់ពេល ដូចជា Man Utd ជាដើមដែលត្រូវ Sevilla ស៊ុតទម្លាក់ចេញពី Champion League វគ្គ១៦ក្រុមយ៉ាងអាម៉ាស់ ៕
Besoccer