ក្លឹប Barcelona បាននិយាយកាលពីថ្ងៃអង្គារ ក្លឹបកំពុងប្តឹង Neymar ទាមទារសំណងក្នុងតម្លៃ 8,5 លានអឺរ៉ូ ដែលជា bonus ដែលបានប្តល់អោយ Neymar ក្រោយពីបានបន្តកិច្ចសន្យា កាលពីខែតុលា ។ ការប្តឹងទាមទារអោយសងនេះគឹដោយចោទប្រកាន់ពីបទរំលោភកិច្ចសន្យា ដែលបានធ្វើមិនដល់មួយឆ្នាំមុនពេល ដែល Neymar ចុះកុងត្រាជាមួយក្លឹប Paris Saint Germain (PSG) ។

ជាងនេះទៅទៀតក៏មានការទាមទារអោយ មានការទូទាត់បន្ថែមចំនួន 10 ភាគរយ ពីលើប្រាក់ខាងលើ ដោយសារតែយឺតយ៉ាវបង់ប្រាក់ បន្ទាប់ពីបង្ហាញតាមការកោះហៅរបស់ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ កាលពីថ្ងៃទី 11 ខែសីហា។

ក្លឹប Barcelona អះអាងថា ការចាត់វិធានការទាំងនេះគឺដើម្បីការពារផលប្រយោជន៍របស់ពួកគេ បន្ទាប់ពីកិច្ចសន្យារបស់កីឡាករ Neymar ត្រូវបានលុបចោលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីគាត់បានចុះហត្ថលេខារហូតដល់ឆ្នាំ 2021 ។

PSG បានចុះហត្ថលេខាលើកីឡាករ Neymar សម្រាប់តម្លៃខ្លួនខ្ពស់ជាងគេលើពិភពលោកចំនួន 222 លានអឺរ៉ូ (ស្មើនឹង 261 លានដុល្លារអាមេរិក) កាលពីខែសីហា។ ទឹកប្រាក់នេះគឺរួមបញ្ចូលនឹងការបង់សំរាប់ការរំដោះជាមួយ ក្លឹប Barcelona ដែលមិនមានបំណងចរចាដើម្បីលក់កីឡាករខ្សែប្រយុទ្ធដែលលេងល្អបំផុតរបស់គេ។

ក្លិប Barcelona បានបញ្ជូនពាក្យបណ្តឹងទៅសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ Spanish Football Federation (RFEF) បន្ទាប់ពីបានដាក់ពាក្យបណ្តឹងនៅក្នុងតុលាការហើយក៏ទាមទារឱ្យ PSG ឧបត្ថម្ភប្រាក់កម្ចីនេះបើ Neymar មិនអាចទទួលខុសត្រូវចំពោះរឿងនេះបាន។

ក្នុងប៉ុន្មានថ្ងៃបន្ទាប់ពីគាត់បានចុះហត្ថលេខាជាមួយក្លឹបបារាំងមួយនេះ ក្លិប Barcelona បានបដិសេធមិនបង់ប្រាក់ចំនួន 26 លានអឺរ៉ូនៃប្រាក់ Bonus អោយទៅ Neymar ដែលជាប្រាក់ដែលគាត់រូវទទួលនៅរដូវក្តៅនេះ ដោយលើកយកហេតុផលថារគាត់បានរំលោភកិច្ចសន្យា។

កាលពីថ្ងៃអាទិត្យលោក Neymar បានរិះគន់ក្រុមប្រឹក្សាភិបាលក្រុម Barcelona ក្រោយពីបានជួយក្រុម PSG ផ្តួល Toulouse ក្នុងក្របខ័ណ្ឌ Ligue 1 ។

លោកថា៖​ “ខ្ញុំគ្មានអ្វីដែលត្រូវនិយាយ ខ្ញុំខកចិត្តនឹងពួកគេ (អ្នកដឹកនាំក្លឹប Barcelona) ហើយខ្ញុំបានចំណាយពេល 4 ឆ្នាំសប្បាយរីករាយនៅទីនោះហើយខ្ញុំសប្បាយចិត្តណាស់ ប៉ុន្តែមិននៅជាមួយអ្នកដឹកនាំក្លឹបទាំងនោះទេ។ សម្រាប់ខ្ញុំពួកគេមិនគួរទទួលបន្ទុកជាអ្នកគ្រប់គ្រងលើក្រុម Barcelona ទេ។ Barca គួរទទួលបាននូវភាពល្អប្រសើរជាងនេះ អ្នកគ្រប់គ្នាដឹងអំពីចំនុចនេះ”៕