លោក Ernesto Valverde មានអារម្មណ៍ថាប្រវត្តិសាស្ត្រល្អរបស់ Barcelona ក្នុងការប្រកួតជាមួយ Chelsea នៅ Champions League វគ្គចាញ់ធ្លាក់ក៏អាចរាប់ថា ក្រុមលោកមានភាគរយខ្ពស់ក្នុងឈ្នះយប់នេះដែរ ទោះបីជា Messi មានកំណត់ត្រាមិនសូវល្អពេលជួបតោខៀវក៏ដោយ។
ក្រុមទាំងពីរនឹងជួបគ្នាលើកនេះគឺជាលើកទី១៣ ហើយក្នុង Champions League ខណៈដែលក្រុមមានមូលដ្ឋាននៅទឹកដីCatalan ធ្វើដំណើរទៅកាន់ក្លឹបមានមូលដ្ឋាននៅចក្រភពអង់គ្លេសក្នុងជើងទីមួយវគ្គ១៦ក្រោមចុងក្រោយ។ ៧ប្រកួតចុងក្រោយក្នុង Champions League, Chelsea មិនស្គាល់ចាញ់នៅឡើយទេ ប៉ុន្តែកំពូលតារាង La liga មានភាពរដាក់រដុបខ្លះក្នុងវគ្គជម្រុះក្នុងពូល។ ក្រុមទាំងពីរធ្លាប់ជួបគ្នាក្នុងវគ្គចាញ់ធ្លាក់៥ដងដោយ Chelsea ឈ្នះ២ដង និង Barca ឈ្នះ៣ដង។
អញ្ចឹងហើយលោក Valverde បានសង្កត់ធ្ងន់ក្នុងសន្និសីទកាសែតមុនការប្រកួតថា ប្រវត្តិសាស្ត្រគឺជាកត្តាមួយដែលយើងអាចមានក្ដីរំពឹងក្នុងការឈ្នះ។
“ ប្រវត្តិសាស្ត្រក៏គេរាប់ដែរ។ កីឡាករសំខាន់ៗដែលអាចផ្លាស់ប្ដូរការប្រកួតមាន Messi, Iniesta, ប្រហែលជានៅទីនោះ ប៉ុន្តែខ្ញុំគិតថាវាពិតជាល្អណាស់ ដែលយើងមិនមែនជាក្រុមគូប្រជែង។ វានឹងនឹងមានការរំពឹងទុកវិជ្ជមានច្រើន“។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺ Messi លេងជាមួយ Chelsea ៦៥៥នាទី មិនទាន់រកបានគ្រាប់បាល់នៅឡើយទេទោះបីជាលោកValverde ដឹងថាក្រុមរបស់គាត់នឹងពឹងលើខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះច្រើនក៏ដោយ។
“ វាពិតជាមានសារសំខាន់ណាស់សម្រាប់ Leoសម្រាប់ខ្ញុំ សម្រាប់គ្រប់គ្នា សម្រាប់ Barcelona។ វានឹងតឹងតែង ប៉ុន្តែវាសំខាន់ណាស់ ព្រោះយើងចង់ឡើងទៅវគ្គបន្ត។ Leo ប្រហែលជាមិនមានសំណាងល្អពេលលេងទល់នឹង Chelsea កាលពីមុន ប៉ុន្តែការប្រកួតនៅថ្ងៃអង្គារ គឺជាការប្រកួតមួយផ្សេងទៀត”៕