គ្រូបង្វឹកក្រុម Arsenal លោក Arsene Wengerបាននិយាយថា កីឡាករសញ្ជាតិអង់គ្លេស ប្រហែលជាកីឡាករដែលប៉ិនធ្វើពុតជាងគេនៅលើលោក។
Dele Alli បានទទួលកាតលឿងក្នុងការប៉ះទង្គិចកាលពីថ្ងៃអាទិត្យពេលលេងស្មើជាមួយ Liverpool ហើយមិត្តរួមក្រុម Harry Kane ត្រូវបានខ្សែការពាររបស់ហង្សក្រហម Virgil van Dijk ប៉ះឲ្យដួលក្នុងតំបន់គ្រោះថ្នាក់ ទទួលបានបាល់ពិន័យ១១ម៉ែត្រ។
និយាយក្នុងសន្និសីទកាសែតមុនការប្រកួតគ្រូបង្វឹកសញ្ជាតិបារាំងបាននិយាយថា៖” ខ្ញុំចាំបានថា មានរឿងបែបនេះកើតឡើងជាច្រើននៅPremier Leagueហើយកីឡាករអង់គ្លេសបានឃើញហើយរៀនសូត្រតាមកីឡាករបរទេសបានយ៉ាងរហ័ស។ ពួកគេក្លាយជាអ្នកជំនាញខាងធ្វើពុត(ធ្វើដួល)ហើយមើលទៅ។”
នៅមុនការប្រកួតធំ North London Derby រវាងក្រុម Tottenham Hotspur និង Arsenalនៅកីឡដ្ឋាន Wembley នាថ្ងៃសៅរ៍នេះ គ្រូបង្វឹកចាស់វស្សារបស់ក្រុមកាំភ្លើងធំរូបនេះបានប្រាប់អ្នកសារព័ត៌មានថា ៖”ខ្ញុំមិនដែលប្រាប់កីឡាកររបស់ខ្ញុំឲ្យចេះធ្វើពុតនោះទេ(dive) ហើយការធ្វើពុតនេះមិនគួរកើតមានក្នុងបាល់ទាត់នោះទេ”។
ចំណែកអ្នកចាត់ការក្រុម Tottenham Hotspur លោក Mauricio Pochettinoបានឆ្លើយតបទៅនិង ការលើកឡើងបែបនេះថា៖
” ការធ្វើពុតមិនទាក់ទងនិងសញ្ជាតិនោះទេ។ មើលចុះ កីឡាករមកពីអាហ្សង់ទីនប្រេស៊ីល បារាំង ពួកគេសុទ្ធតែធ្លាប់ធ្វើពុត។ អ្នកអាចទៅមើលនៅប្រទេសផ្សេងដូចជា អេស្ប៉ាញក៏មានកីឡាករប្រភេទនេះដែរ”។
“ពេលខ្លះកីឡាករនៅលើទីលានពុំបានគោរពវិន័យនោះទេ តែតើអ្នកអាចធ្វើអ្វីបាន? វាគឺជាការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល“។
គួរបញ្ជក់ផងដែរថា ក្នុងការប្រកួតកាលពីសប្ដាហ៍មុនរវាងក្រុម Liverpoolនិង Tottenham Hotspur , Harry Kaneត្រូវបានខ្សែការពារ Virgil van Dijk ចោទថាធ្វើពុតជាដួលបន្ទាប់ពីការប៉ះទង្គិចគ្នាបន្តិច ហើយអាជ្ញាកណ្ដាលបានផ្ដល់បាល់ប៉េណាល់ទីឲ្យ Spur ស៊ុតតាមស្មើចុងម៉ោង៕