ខ្សែប្រយុទ្ធជម្រើសជាតិមិកស៊ិក Javier Hernandez បានបដិសេធរបាយការណ៍ដែលថា គាត់ស្នើសុំចាកចេញពីក្លឹបញញួរធំ West Ham បន្ទាប់ពីលោក David Moyes មកដឹកនាំក្លឹបបន្ត។
ចាប់តាំងពីចាកចេញពីក្លឹប Bayer Leverkusen ក្នុងតម្លៃ១៦លានផោន កីឡាករវ័យ២៩ឆ្នាំរកបាន៤គ្រាប់ក្នុងក្របខណ្ឌ Premier League ទោះបីជាក្រុមញញូរធំធ្លាក់ចុះទម្រង់លេងដល់ក្បែរបាតតារាងលីកក៏ដោយ។ កាលពីដើមសប្ដាហ៍នេះរបាយការណ៍ពីប្រទេសអេស្ប៉ាញបានឲ្យដឹងថា Hernandez បានស្នើសុំចាកចេញពី London Stadium ក្នុងរដូវកាលដោះដូរកីឡាករខាងមុខ ខណៈក្លឹបមិកស៊ិក Chivas ជាកន្លែងថ្មីរបស់គាត់។
ទោះបីជាយ៉ាងនេះក្ដី! ខ្សែប្រយុទ្ធជម្រើសជាតិមិកស៊ិក បានសរសេរក្នុងគណនី Twitter របស់ខ្លួនបដិសេធទាំងស្រុងទៅនឹងព័ត៌មាននេះ។ រូបគេនិយាយថា៖” ខុសទាំងស្រុង! ខ្ញុំដាក់ចិត្ត១០០%ជួយពង្រឹងស្ថានភាពក្លឹប ហើយយើងសុទ្ធតែមានបទពិសោធន៍ជួយក្លឹបឲ្យឡើងជើងវិញ”។
“ ខ្ញុំធ្លាប់និយាយថា ខ្ញុំគឺជាអ្នកគាំទ្រក្លឹប Chivas ប៉ុន្តែខ្ញុំមិនបានស្នើសុំចាកចេញពី West Hamទេ”។
Hernandez ធ្លាប់លេងក្រោមការដឹកនាំរបស់ David Moyes អំឡុងពេលគ្រូបង្វឹកសញ្ជាតិស្កុតឡែនរូបនេះដឹកនាំ Man Utd មិនជោគជ័យក្នុងរយៈពេល១០ខែ។ កាលនោះ Chicharito បានចូលលេងក្នុងជម្រើសដំបូងឲ្យក្លឹប បានត្រឹមតែ៥ដងប៉ុណ្ណោះ។
កាលពីដើមសប្ដាហ៍នេះ Moyes បានព្រមានខ្សែប្រយុទ្ធរបស់ West Ham ថាក្រោមការគ្រប់គ្រង់របស់គាត់មិនមានការ យកចិត្តទុកដាក់លក្ខណៈពិសេសណាមួយ នៅក្នុងក្លឹបនោះទេ ទោះបីជាខ្សែប្រយុទ្ធរកបានគ្រាប់បាល់ច្រើនជាងគេរបស់ក្លឹបក្នុងរដូវកាលនេះក៏ដោយ៕