ក្រោយ​ផ្ទេរ​មក ​Man Utd បាន​រួច​រាល់​១០០%​ Alexis Sanchez បាន​និយាយ​សរសើរ​មិត្ត​រួម​ក្រុម​ថ្មី​គឺ​អ្នក​ចាំ​ទី​ David De Gea ថា​ជា​កំពូល​អ្នក​ចាំ​ទី​ល្អ​ជាង​គេ​​ម្នាក់​លើ​ពិភពលោក។

កីឡាករ​វ័យ​២៩​ឆ្នាំ​បាន​ផ្ទេរ​មក​លេង​នៅ Old Trafford ដោយ​ចាក​ចេញ​ពី​ Arsenal កាល​ពី​ថ្ងៃ​ចន្ទ​ជាមួយ​កិច្ច​ព្រមព្រៀង​ផ្ទេរ​ Henrikh Mkhitaryan ទៅ ​Arsenal វិញ។ កីឡាករ​សញ្ជាតិ​ស៊ីលី​នឹង​ធ្វើ​ការ​ហ្វឹកហាត់​ ជាមួយ​មិត្ត​រួម​ក្រុម​នៅ​ទីលាន​ហ្វឹកហាត់​ Carrington Training Centre ​ហើយ​រូប​គេ​បាន​និយាយ​សរសើរ​ Devid De Gea ផង​ដែរ។

“​ខ្ញុំ​គ្មាន​ពេល​ទៅ​ដឹង​ពី​ពួក​គេ​ម្នាក់​ៗ ​ឬ​ក៏​ចំណាយ​ពេល​ជាមួយ​ពួក​គេ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ពិត​ណាស់​ខ្ញុំ​ស្គាល់​ពួក​គេពេល​លេង​ទល់​នឹង​ពួក​គេកាល​ពី​មុន។ ខ្ញុំ​ជឿ​ថា​ Devid DeGea គឺ​ជា​អ្នក​ចាំ​ទី​ល្អ​បំផុត​ម្នាក់ ​ក្នុង​ចំណោម​កីឡាករ​ទាំង​អស់​ក្នុង​ពិភពលោក។”

“ គាត់​ជា​កីឡាករ​ម្នាក់​ដែល​តែងតែ​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ពិបាក​ទាត់​បញ្ចូល​ទី​ ។​ ខ្ញុំ​ក៏​ធ្លាប់​ទាត់​បញ្ចូល​ទី​បាន​មួយ​គ្រាប់​ ដែរ​តែ​ពិបាក​ណាស់។ ដូច្នេះ​វា​ពិត​ជា​ត្រឹម​ត្រូវ​ណាស់​ដែល​មាន​មិត្ត​រួម​ក្រុម​ជា​អ្នក​ចាំ​ទី​ល្អ​បំផុត​ក្នុង​លោក”។

អតីត​ខ្សែ​ប្រយុទ្ធ​ Barcelona ស៊ុត​ទម្លុះ​ដៃ​ស្អិត​របស់ ​DeGea បាន​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ ​ក្នុង​ចំណោម​៨​ប្រកួត​ដែល​ធ្លាប់​ត​ទល់​គ្នា​ក្នុង​ Premier League ហើយ​ពាន ​League Cup ទល់​នឹង ​​De Gea គឺ​ជា​ការ​ជួប​គ្នា​ចុង​ក្រោយ​បំផុត​​ ដែល​កាល​នោះ​ កីឡាករ​អេស្ប៉ាញ​រក្សា​សំណាញ់​ទី​ពី​ការ​ស៊ុត​ដ៏​គ្រោះ​ថ្នាក់​ដល់​ទៅ​១៣​ដង​​ឲ្យ​ Man Utd ឈ្នះ​ Arsenal ៣​ទល់​១​ ខណៈ​មួយ​គ្រាប់​នេះ​ជា​របស់ ​Alexis Sanchez។

Sanchez អាច​នឹង​ចូល​លេង​លើក​ដំបូង​បំផុត​ឲ្យ ​Man Utd ពេល​ក្រុម​របស់​លោក Jose Mourinho ធ្វើ​ដំណើរ​ទៅ​កាន់​កីឡដ្ឋាន Huish Park របស់​ក្លឹប​ Yeovil Town ក្នុង​ជុំ​ទី​៤​ពាន ​FA Cup៕