ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ របស់ក្រុម​ជម្រើសជាតិប័រទុយហ្គាល់ និង​ក្រុម Real Madrid កីឡាករ Cristiano Ronaldo បាន​ជួល​បុរសទំពែក​មាឌមាំ ដែល​គេ​ស្គាល់​ថាជាកំពូល​អ្នក​ប្រយុទ្ធជាមួយគោជល់ ឈ្មោះ Nuno Marecos ជាអ្នក​ការពារ​ផ្ទាល់​ខ្លួន ក្នុងអំឡុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup នៅប្រទេសរុស្ស៊ី។ នេះបើតាមការ​ចុះផ្សាយ​ពីសារព័ត៌មាន The Sun។

បុរសខ្លាំង ដែលជាអតីត​អ្នក​ប្រយុទ្ធ MMA  និងកងទ័ពលោតឆ័ត្រយោងនេះ មាន​តួនាទី​ការពារសុវត្ថិភាព​របស់ Ronaldo តាំងពីការ​ប្រកួត​ផ្តាច់ព្រ័ត្រ Champions League ក្នុងទីក្រុងគៀវ រហូត​ដល់​ចប់​ World Cup 2018។ ជាការការពារដ៏រឹងមាំ បន្ទាប់​ពី Ronaldo បាន​ទទួល​សារព្រមាន​ពីក្រុម​ ISIS ថា​នឹង​កាត់ក្បាល​កីឡាករប័រទុយហ្គាល់នេះ។

តាម​ប្រភព​ដែល​ស្និទ្ធិ​នឹង​ម្ចាស់​ពានរង្វាន់ Ballon d’Dor បានឲ្យ​ដឹងថា Ronaldo តែងតែមើល​ស្ទើរ​តែគ្រប់ការសម្តែង​គោជល់ (bullfighting) ហើយ​ក៏សម្រេចចិត្ត​ជ្រើសរើស​យក​លោក Nuno តែម្តង ដោយ​សារតែគាត់​គិត​ថា បុរសម្នាក់នេះ មានកម្លាំងខ្លាំងគួរជាទីទុកចិត្ត។​

គួរជម្រាបជូនថា អាជីព​ជាអ្នក​ប្រយុទ្ធជាមួយគោជល់ ជា​អាជីពដ៏គ្រោះថ្នាក់មួយ ហើយ​លោក Nuno ក៏ធ្លាប់​រងរបួស​ធ្ងន់​ជិត​ស្លាប់ ដោយសារតែការប្រយុទ្ធនេះផងដែរ។ យ៉ាងណាក៏ដោយ ប្រភេទការសម្តែងដោយ​ប្រយុទ្ធ​ជាមួយ​គោជល់ គឺជាកីឡាវប្បធម៌តាំងពីយូរ​លង់​របស់​អេស្ប៉ាញ និងប័រទុយហ្គាល់ ដែល​នៅតែបន្ត​មានប្រជាប្រិយភាពមកដល់​សព្វថ្ងៃ៕