គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បានសម្រេចចិត្តហើយឲ្យ Zlatan Ibrahimovic លេងជាមួយ Romelu Lukaku ក្នុងរដូវកាលនេះ។
កីឡាករសញ្ជាតិស៊ុយអែត បានបន្តកុងត្រាជាមួយបិសាចក្រហមកាលពីថ្ងៃ២ថ្ងៃមុន ដោយរូបគេសង្ឃឹមថា នឹងរឹងមាំគ្រប់គ្រាន់នៅចុងឆ្នាំនេះ ដើម្បីចូលលេងវិញក្រោយរបួសជង្គង់។ កីឡាករវ័យ៣៥ឆ្នាំទាត់បញ្ចូលទីបាន២៨គ្រាប់ឲ្យបិសាចមុនពេលរបួស តែយ៉ាងណារូបគេបានជួយក្លឹបឈ្នះពានបីផងដែរ។
ចំណែក Lukaku ក៏បានបង្ហាញទម្រង់លេងល្អ ក្រោយចូលមកពាក់ក្រហមរបស់ Man Utd ដោយរកបាន៤គ្រាប់ក្នុងរដូវកាលថ្មីនេះ។ ចំណែកការត្រឡប់មកវិញរបស់ Zlatan ធ្វើឲ្យលោក Jose ឈឺក្បាលក្រោយខ្សែប្រយុទ្ធទាំងពីរជាន់រ៉ូលគ្នា ប៉ុន្តែគ្រូបង្វឹកព័រទុយហ្គាល់ បានបញ្ជាក់ថា អតីតកីឡាកររបស់ PSG អាចលេងក្នុងដំណែងលេខ១០ពីក្រោយលេខ៩របស់ Lukaku។
“ខ្ញុំឃើញថា Zlatan មានសារៈសំខាន់ដល់ក្រុមទាំងមូល។ ក្រុមកីឡាកររបស់ខ្ញុំពិតជាប្រសើរជាងមុនប្រាកដណាស់។ គាត់(Zlatan)ជាជម្រើសបន្ថែមសម្រាប់យើង ហើយគាត់ជាកីឡាករមានបទពិសោធន៍ច្រើនម្នាក់។ គាត់ជាកីឡាករម្នាក់ក្នុងចំណោមជាច្រើនរូបទៀត អាចលេងក្នុងរ៉ូលលេខ១០ និងលេខ៩។ បើខ្ញុំមិនដាក់គាត់ក្នុងដំណែងប្រយុទ្ធតាំងពីរទេនោះ ខ្ញុំនឹងដាក់ម្ដងម្នាក់ ដោយសារយើងការប្រកួតច្រើន” សម្ដី Jose និយាយក្នុងបទសម្ភាសន៍។
“បើយើងឡើងដល់វគ្គក្រោយៗនៃ Champions League ហើយយើងបន្តឡើងក្នុងពាន Cup ណាមួយ។ ខ្ញុំមិននិយាយទាំងពីរដោយសារយ់ើងមានខ្សែប្រយុទ្ធច្រើន ហើយយើងមិនអាចរំពឹងតែ Lukaku ឬ Rashford តែម្នាក់នោះទេ”៕