ខ្សែការពារស្លាបជម្រើសជាតិប្រេស៊ីលកីឡាករ Marcelo បានបន្ថែមកុងត្រាជាមួយក្លឹប Real Madrid ៥ឆ្នាំជាថ្មីម្ដងទៀតខណៈសុពលភាពនៃកុងត្រាចប់នៅឆ្នាំ២០២២។
កីឡាករវ័យ២៩ឆ្នាំបានក្លាយជាផ្នែកមួយយ៉ាងសំខាន់នៅ Real Madrid ដោយរូបគេបានជួយក្លឹបឈ្នះពាន ស្ទើតែគ្រប់រដូវកាល ពិសេសការពារដំណែងជើងឯក Champions League ម្ដងហើយម្ដងទៀត។ ក្លឹបយក្សមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដនឹងធ្វើសន្និសីទកាសែតនៅកីឡដ្ឋាន Bernabue នៅល្ងាចថ្ងៃព្រហស្សត្ត៍ ថាជាការតកុងត្រាផ្លូវការច្បាស់លាស់តែម្ដង។
ការបន្តកុងត្រានៅស្ដេចសមានន័យថារូបគេនឹងស្នាក់នៅជាមួយក្លឹប១៥ឆ្នាំខណៈនៅថ្ងៃនេះគឺជាខួបលើកទី១០របស់Marcelo លេងឲ្យ Real Madrid។ កីឡាករសក់ក្រញាញ់រូបនេះបានមកលេងជាមួយ Real Madrid កាលពីឆ្នាំ២០០៧ដោយចេញពីក្លឹបប្រេស៊ីល Fluminese ហើយរូបគេក៏ត្រូវបានចាត់ទុកជាអ្នកស្នងដំណែងអតីតកីឡាករ Roberto Carlos នៅតំបន់ការពារឆ្វេង។
រយៈពេល១០ឆ្នាំកន្លងមករូបគេជួយក្លឹបឈ្នះ La liga ៤ដងនិង Champions League ៣ដង។កាលពីរដូវកាលបានចូលលេង៤៧ប្រកួតរកគ្រាប់បាល់បាន៣គ្រាប់។ បើនិយាយពីការចូលលេងសរុបវិញ រូបគេលេងបាន៤១៤ប្រកួតរកគ្រាប់បាល់បាន២៨គ្រាប់៕