វីរបុរស​ Real Madrid កីឡាករ Ronaldo បាន​និយាយ​ថា​ ​Barcelona គឺ​ជា​កន្លែង​ដ៏​អាក្រក់​មួយ​សម្រាប់​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ ដែល​ទៅ​លេង​នៅ​ទី​នោះ ​ពី​ព្រោះ​គ្រប់​យ៉ាង​ដែល​ពួក​គេ​ធ្វើ​គឺ​​មិន​អាច​ទទួល​យក​បាន​សម្រាប់​ជន​ជាតិ​ប្រេស៊ីល។

លោក​និយាយ​បែប​នេះ ​អំឡុង​រដូវ​កាល​ដោះដូរ​កីឡាករ​ត្រូវ​បើក​ឡើង​វិញ​ហើយ​ក្លឹប ​Barcelona កំពុង​បង្ហាញ​ការ​ចាប់​អារម្មណ៍​យក ​Coutinho ពី​ Liverpool។ Ronaldo ប្រេស៊ីល​បាន​លេង​នៅ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទឹក​ដី​ Catalan បាន​មួយ​ឆ្នាំ​មុន​ពេល​ចេញ​ទៅ​លេង​នៅ​ Inter Milan ក្នុង​ឆ្នាំ​១៩៩៧​ ហើយ​ហាក់​បំភ្លេច​អនុស្សាវរីយ៍​ទាំង​អស់​ដែល​ធ្លាប់​លេង​នៅ​Barca។

ចំណែក ​Neymar ចេញ​ពី ​Barcelona មក​លេង​នៅ ​PSG ក្នុង​តម្លៃ​២២២លាន​អឺរ៉ូ​កាល​ពី​ដើម​រដូវ​កាល​នេះ ​បាន​ធ្វើ​ឲ្យ​Ronaldo បញ្ជាក់​ថា​ អ្វី​ៗ​គ្រប់​យ៉ាង​ដែល ​Barcelona ធ្វើ​ដាក់​កីឡាករ​សញ្ជាតិ​ប្រេស៊ីល ​នៅ​តែ​ជា​បទពិសោធន៍​អវិជ្ជមាន​សម្រាប់​គាត់។

“​ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត និង​មាន​ភាព​ស្និត​ស្នាល​ជាង​ដែល​ទៅ​លេង​នៅ​ Real Madrid ទោះ​បី​ជា​ធ្លាប់​បាន​រស់​នៅ​បាន​១​ឆ្នាំ​ក្នុង​ទឹក​ដី ​Barcelona។​ ជា​ទី​បញ្ចប់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្ញុំ​ជាមួយ​ Barca ពិត​ជា​អាក្រក់​ ដែល​វា​ស្រដៀង​ទៅ​នឹង​រឿង​រ៉ាវ​របស់ ​Neymar”។

“ Barcelona តែង​តែ​មាន​បញ្ហា​ជាមួយ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ Neymar, Romario, Ronaldinho ​និង​ខ្ញុំ។ ពួក​យើង​ត្រូវ​បាន​គេធ្វើ​ដាក់​យ៉ាង​អាក្រក់​ ទោះ​ពី​ជា​ពួក​យើង​​បាន​រួម​ចំណែក​ និង​លះបង់​ច្រើន​ដើម្បី​ពួក​គេ​ក៏​ដោយ”៕