​ឆ្នាំ​២០១៧​​នឹង​កន្លង​ហួស​ហើយ​ ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ទៀត ​ខណៈ​ឆ្នាំ​ថ្មី​ឆ្នាំ ២០១៨ ​នឹង​ឈាន​មក​ដល់​​។ ​វេបសាយ​អាណាចក្រ​កីឡា​ សូម​រំលឹក​ប្រិយ​មិត្ត​មក​មើល​ព្រឹត្តិការណ៍ ​និង​រឿង​ពិសេស​ដែល​បាន​កើត​ឡើង​ក្នុង​ឆ្នាំ ២០១៧។

១- Barcelona ៦-១ ​PSG

មនុស្ស​គ្រប់​គ្នា​ប្រហែល​ជា​ចាំ​មិន​ទាន់​ភ្លេច​ទេ​ក្នុង​ការ​ប្រកួត​ Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ​កាល​ពី​ឆ្នាំ ២០១៧។​ជើង​ទី​មួយ​PSG បាន​យក​ឈ្នះ ​Barcelona ក្នុង​ទឹក​ដី​ខ្លួន​ឯង​ដល់​ទៅ​៤​ទល់​០​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បាល់​ទាត់​រំពឹង​ថា ​Barca នឹង​ធ្លាក់​ចេញ​ពី​វគ្គ​នេះ​ពី​ព្រោះ​ក្នុង​ប្រវត្តិសាស្ត្រ​គ្មាន​ក្លឹប​ណា​មួយ​អាច​វាយ​បក​យក​ឈ្នះ​វិញ​ពេល​ដែល​គូ​ប្រកួត​ឈ្នះ​ដល់​ទៅ​៤​គ្រាប់​។​ប៉ុន្តែ​ជើង​ទី​២​ Barcelona បាន​វាយ​បក​រក​បាន​៦​គ្រាប់​វិញ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ហើយ​គ្រាប់​បាល់​ចុង​ក្រោយ​របស់​ Sergio Roberto ជា​គ្រាប់​បាល់​ចារ​ក្នុង​សៀវភៅ​បាល់​ទាត់។

២- Messi ​ធ្វើ​ឲ្យ ​Bernabeu ស្ងាត់​ឈឹង

តារា​បាល់ទាត់​Barcelona បាន​បង្កើត​ភាព​ភ្ញាក់​ផ្អើល​មួយ​ពិសេស​រូពភាព​បង្ហាញ​អាវ​ដល់​អ្នក​គាំទ្រ​ក្រោយ​ពេល​រក​បាន​គ្រាប់​ជ័យជម្នះ​ចុង​ម៉ោង​ឲ្យ​Barcelona​ឈ្នះ​គូរ​ប្រជែង​Real Madrid ក្នុង​កីឡដ្ឋាន​Bernabeu។

៣- Real Madrid លើក​ពាន ​Champions League លើក​ទី​១២


ស្ដេច​ស​បាន​យក​ឈ្នះ​Juventus ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​Champions League នា​ទី​ក្រុង​Cardiff City គ្រង់​ពាន​នេះ​ជា​លើក​ទី​១២​​ក្នុង​ប្រវត្តិសាស្ត្រ​ហើយ​ជា​ក្រុម​ដំបូង​ដែល​ការពារ​ដំណែង​ជើង​ឯក​ពាន​ធំ​ជា​គេ​នៅ​អឺរ៉ុប​មួយ​នេះ​បាន​សម្រេច។

៤- ការ​មក​ដល់​របស់​ Kylain Mbappe


Kylian Mbappe បាន​ប្រកាស​ភាព​ខ្លាំង​របស់​ខ្លួន​ក្នុង​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០១៧​។ ការ​បង្ហាញ​ទម្រង់​លេង​ល្អ​ទាំង​ល្បឿន ថាមពល​និង​តិកនិក​បាន​ធ្វើ​គេ​យក​ទៅ​ប្រៀប​ធៀប​ជាមួយ​អតីត​វីរបុរស​ខ្សែ​ប្រយុទ្ធ​ Thierry Henry និង​Ronaldo ហើយ​ក្លឹប​យក្ស​បារាំង​PSG ចំណាយ​លុយ​១៨០​លាន​អឺរ៉ូ​ទិញ​យក​តែ​ម្ដង​។

៥- PSG​ កែប្រែ​ទីផ្សារ​ទិញ​ដូរ​កីឡាករ​ពិភពលោក​

ដោយ​ទិញ ​Neymar ក្នុង​កំណត់​ត្រា​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​២២២លាន​អឺរ៉ូ​ពី ​Barcelona ធ្វើ​ឲ្យ​កីឡាករ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក។

៦- អ៊ីតាលី​ធ្លាក់​ចេញ​ពី​ World Cup


វា​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៦០​ឆ្នាំ​ដែល​ជម្រើស​ជាតិ​មួយ​នេះ​ធ្លាក់​ចេញ​ពី​World Cup ខណៈ​ដែល​ខ្លួន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្រុម​ជោគជ័យ​បំផុត​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​ World Cup​ដែល​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​នេះ​ដោយសារ​ចាញ់​ស៊ុយអែត​វគ្គ​Play-off ទាំង​ពីរ​ជើង​។

៧- វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល​(VAR)​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​លើក​ដំបូង


ក្របខ័ណ្ឌ ​Serie A និង ​Bundesliga ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​វីដេអូ​ជំនួយ​ការ​អាជ្ញាកណ្ដាល​សម្រាប់​រដូវ​កាល​២០១៧/១៨ ដែល​នេះ​មាន​ន័យ​ថា​ បច្ចេកវិទ្យា​បាល់​ទាត់​មួយ​នេះ ​នឹង​កើត​ឡើង​ហើយ​ប៉ុន្តែ​ក៏​មាន​ការ​រិះគន់​និង​ប្រឆាំង​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​ផង​ដែរ​។

៨- Pep បំបែក​កំណត់​ត្រា


ក្រុម​Manchester City របស់​លោក Pep Guardiola បាន​បង្កើត​កំណត់​ត្រា​មួយ​ដោយ​រក្សា​ជ័យជម្នះ​ឈ្នះ​រហូត​ក្នុង​Premier League ។

៩-​គ្រប់​យ៉ាង​ពី ​Cristiano Ronaldo


មួយ​ផ្នែក​ធំ​ពី​រឿង​ទាំង​អស់​កើត​ឡើង​ក្នុង​ឆ្នាំ​២០១៧​គឺ​រឿង​របស់ ​CR7​ខណៈ​ដែល​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ជួយ ​Real Madrid ឈ្នះ​ពាន​៥​ក្នុង​រដូវ​កាល​នេះ ​ហើយ​ក៏​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​និង​ទទួល​បាន​ពាន ​Ballon d’Or លើក​ទី​៥​របស់​ខ្លួន​ផង​ដែរ។

១០-Harry Kane ទម្លាក់​កំណត់​ត្រា​រក​គ្រាប់​បាល់​របស់ ​Ronaldo និង​ Messi

គិត​ជា​លើក​ដំបូង​ចាប់​តាំង​ពីរ​ឆ្នាំ​២០០៩​មក​ កីឡាករ​ម្នាក់​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ ២០១៧​លើស​ Messi និង ​Cristiano Ronaldo។​ខ្សែ​ប្រយុទ្ធ​របស់​ Tottenham Hotspur, Harry Kane បាន​បំបែក​កំណត់​ត្រា​របស់​កីឡាករ​ល្អ​បំផុត​ក្នុង​លោក​២នាក់ងើយ​រក​បាន​៥៦​គ្រាប់​ឲ្យ​ក្លឹប​និង​ជម្រើស​ជាតិ​ក្នុង​ឆ្នាំ​២០១៧៕​