ក្របខណ្ឌលីគបាល់ទាត់កំពូលរបស់អង់គ្លេស Premier League បានបញ្ចេញបាល់ថ្មី សម្រាប់ប្រកួតនៅរដូវកាល២០១៨-១៩ ហើយ។
បាល់នេះមានឈ្មោះថា “The Merlin” ហើយវាគឺជាបាល់របស់ក្រុមហ៊ុន Nike រដូវកាលទី១៨ ដែល ដាក់លេងជាផ្លូវការក្នុង Premier League។ បាល់នេះនឹងដាក់ឲ្យលេងជាលើកដំបូង ពេលរដូវកាលថ្មីចាប់ផ្ដើមនៅថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៨ខាងមុខ។
ផ្អែកតាមវិបសាយរបស់ Premier League បញ្ជាក់ថា បាល់ច្នៃរូបរាងថ្មីនេះ មានគុណសម្បត្តិជាច្រើន ដោយបាល់ទាត់ទូទៅផលិតឡើងមានសម្បកបាល់៣២បន្ទះ តែ “The Merlin” គឺជាបាល់ដំបូងដែលមានសម្បកតែ៤បន្ទះប៉ុណ្ណោះ។ បន្ទះតិច មានន័យថា ថ្នេរដេរក៏តិចដូចគ្នា ធ្វើបាល់កាន់តែទន់កីឡាករងាយស្រួលទប់ ប៉ះឲ្យដៃគូនិងស៊ុតសំដៅទី។