អតីតខ្សែការពាររបស់ Man Utd លោក Rio Ferdinand បានបង្ហើបប្រាប់ថាកីឡាករនៅក្នុងក្រុម Man Uជាច្រើននាក់ មានការមិនទុកចិត្ត និងសង្ស័យចំពោះសមត្ថភាពរបស់ David de Gea នៅពេលដែលគេបានមកចូលរួមជាមួយក្រុមជាលើកដំបូងកាលពីឆ្នាំ២០១១។
គាត់បានរៀបរាប់អំពីពេលដែល De Gea មកដល់ Man U ដំបូងថា៖” ពួកយើងបានឃើញ De Gea នៅទីលានហ្វឹកហាត់ ពេលនោះយើងបានអង្គុយមើល ហើយនិយាយគ្នាអំពីកីឡាករចំណូលថ្មីម្នាក់នេះ។ តើក្មេងម្នាក់នេះអាចធ្វើអ្វីបាន គេពុំទាន់មានបទពិសោធន៍ ហើយមើលទៅដូចជាអត់មានទំនុកចិត្តលើខ្លួនឯងផង? គ្រប់គ្នាពុំជឿថា គេអាចក្លាយជាអ្នកចាំទីលំដាប់ពិភពលោកនោះទេ”។
គាត់បន្តថា៖”ប៉ុន្តែសព្វថ្ងៃនេះ គេបានក្លាយជាអ្នកចាំទីម្នាក់ដ៏ឆ្នើម គេជាមនុស្សដែលមានការតស៊ូប្រឹងប្រែងយ៉ាងខ្លាំងគួរឱ្យសរសើរ”។ ចំណែក Paul Schole ក៏បានយល់ឃើញស្រដៀងគ្នានេះដែរ ហើយគាត់បានវាយតម្លៃថា De Gea ជាកីឡាករល្អជាងគេរបស់ Man Uក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
កាលពីយប់ម្សិលមិញ De Gea បានបង្ហាញពីទម្រង់លេងយ៉ាងល្អ ដោយជួយអោយក្រុមបិសាចក្រហម បានស្មើគ្នាជាមួយក្រុមខ្លាំង Sevilla។ De Geaបានជួយសង្គ្រោះបាល់ពីការស៊ុតរបស់ក្រុម Sevilla រហូតដល់ទៅ ២៥ដង ដែលជាចំនួនស៊ុតដ៏ច្រើននៅក្នុងមួយប្រកួត៕