អតីត​គ្រូ​បង្វឹក​ក្លឹប​ Manchester United លោក​ Louis van Gaal អាច​នឹង​ត្រឡប់​មក​ក្នុង​ក្របខ័ណ្ឌ​ Premier League វិញ​ដោយ​សារ​មាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​Southampton និង Crystal Palace។

Van Gaal មិន​មាន​ការ​ងារ​ធ្វើ​នោះ​ទេ​ ចាប់​តាំង​ពី​ត្រូវ​បាន​ Man Utd ដក​ដំណែង​កាល​ពី​មួយ​ឆ្នាំ​មុន​ គឺ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ជួយ​ក្លឹប​មួយ​នេះ​ឈ្នះ​ពាន​ FA Cup ហើយ​លោក​មាន​គោល​បំណង​ចង់​សម្រាក​ពី​ពិភព​បាល់ទាត់​រយៈ​ពេល​យូរ។

បើ​តាម​ប្រភព ​Mirror បាន​និយាយ​ថា​ គ្រូ​បង្វឹក​សញ្ជាតិ​ហុល្លង់​បើក​ផ្លូវ​ចង់​ត្រឡប់​មក​ដឹក​នាំ​ក្លឹប​នៅ ​Premier League វិញ​ហើយ​របាយការណ៍​ខាង​លើ​បាន​បន្ត​ថា​ Van Gaal មាន​ជម្រើស​២​ក្នុង​ប្រទេស​អង់គ្លេស​របស់​ពិចារណា នោះ​គឺ​​ Southampton និង Crystal Palace​បង្ហាញ​ការ​ចាប់​អារម្មណ៍​គ្រូ​បង្វឹក​៦៥​ឆ្នាំ។

Southampton គ្រោង​នឹង​ដក​ដំណែង​លោក Claude Puel ក្រោយ​ពេល​ជួប​រដូវ​កាល​មួយ​ដ៏​យ៉ាប់យ៉ឺន ​ហើយ​ក្លឹប​ខាង​លើ​ចាប់​អារម្មណ៍​កំណត់​ត្រា​ដឹកនាំ​របស់​Van Gaal។ Palace វិញ​កំពុង​ស្វែង​រក​គ្រូ​បង្វឹក​ថ្មី​ក្រោយ​ពេល​បាត់​បង​លោក​ Sam Allardyce  ក្រោយ​ចប់​រដូវ​កាល​​លើស​ពី​នេះ​ក្លឹប​ក៏​បាន​ទាក់​ទង​លោក Sean Dyche, Claudio Ranieri និង Brendan Rodgersផង​ដែរ។

Van Gaal មាន​កំណត់​ត្រា​ដឹកនាំ​ឈ្នះ​៥២.៤​%កាល​នៅ​ Man Utd ប៉ុន្តែ​អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ហុល្លង់​ ត្រូវ​បាន​គេ​រិះគន់​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់​ របស់​គាត់​៕