បាល់ទាត់៖ អតីត​គ្រូ​បង្វឹក ​Real Madrid លោក​ Fabio Capello​បាន​បរិយាយ​ថា​ វរបុរស​ប្រេស៊ីល Ronaldo ​គឺ​ជា​កីឡាករ​ម្នាក់​ ដែល​គាត់​ធ្លាប់​បង្វឹក​ដោយ​លំបាក​បំផុត​​ ព្រោះ​ថា​ក្នុង​អាជីព​ជា​គ្រូ​បង្វឹក​របស់​គាត់​គ្មាន​កីឡាករ​ពិបាក​ខ្លាំង​ Ronaldo នេះ​ឡើយ។

Capello ធ្លាប់​ដឹកនាំ ​Real Madrid លើក​ទី​២​ក្នុង​ឆ្នាំ ​២០០៦​ហើយ​ជួយ​ក្លឹប​យក្ស​មួយ​នេះ​ឈ្នះ​ពាន​ La liga ប៉ុន្តែ​គាត់​បាន​បង្ហាញ​ផល​ពិបាក​មួយ​ថា​ Ronaldo ធ្លាប់​ធ្វើ​ឲ្យ​គាត់​ក្រពុល​មុខ​ខ្លាំង ​គឺ​ពិបាក​បង្វឹក​ខ្លាំង​ណាស់​ពិសេស​ អតីត​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ចង់​សម្រក​ទម្ងន់។

តាម​អ្នក​យក​ព័ត៌មាន​របស់​ Fotball Italia បាន​ដក​ស្រង់​សម្ដី​របស់​អតីត​គ្រូ​បង្វឹក​ខាង​លើ​ថា​៖” រឿង​ដែល​ខ្ញុំ​លំបាក​បំផុត​ក្នុង​អាជីព​ជា​គ្រូ​បង្វឹក​​នោះ ​គឺ​បង្ហាត់​Ronaldo ។ ខ្ញុំ​នឹង​ប្រាប់​អ្នក​ថា​ហេតុអ្វី​ ។ កាល​ខ្ញុំ​នៅ​ដឹកនាំ ​Real គាត់​ទើប​ជា​ពី​របួស ​ហើយ​ចង់​ចូល​លេង​វិញ​ក្នុង​វិច្ឆិកា​ហើយ​ខ្ញុំ​ក៏​យល់​ព្រម​ តែ​ពេល​នោះ​គាត់​មាន​ទម្ងន់​ដល់​ទៅ​៩៦​គីឡូ​ក្រាម ដូច​ជា​កីឡាករ​ប្រដាល់​ទម្ងន់​យក្ស​ម្នាក់​អញ្ចឹង។ ”

គ្រូ​បង្វឹក​ជើង​ចាស់​ម្នាក់​ថា​ Ronaldo ប្រេស៊ីល​ជា​កីឡាករ​ពិបាក​បង្វឹក​ផុត​លេខ

“​ខ្ញុំ​ក៏​បាន​សួរ​គាត់​ថា​ គាត់​ទម្ងន់​ប៉ុន្មាន ​ពេល​ជួយ​ប្រេស៊ីល​ឈ្នះ​ World Cup ​គាត់​ឆ្លើយ​ថា​ ៨៤​គីឡូ​ ហើយ​ខ្ញុំ​ក៏​ឲ្យ​គាត់​សម្រក​យ៉ាង​ហោច​ណាស់​បាន​៨៨​គីឡូ​សិន​។ វា​ដូច​តែ​គ្នា​ទេ គាត់​មិន​ចង់​សម្រក​ទម្ងន់​ឲ្យ​តិច​ជាង​នេះ​​ហើយ ​ទី​បំផុត​គាត់​ធ្វើ​បាន​ត្រឹម​៩៤​គីឡូ​ក្រាម។ កាល​នោះ​ខ្ញុំ​ដាក់​ឲ្យ​គាត់​លេង​បី​ប្រកួត​ដោយ​ចាប់​ដៃគូ​ជាមួយ​ Ruud Van Nistelrooy  ហើយ​យើង​ចាញ់​ទាំង​បី​ប្រកួត។”

ឆ្នាំ​នោះ ​Ronaldo មិន​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​នោះ​ទេ ​ក្នុង​ពាក់​កណ្ដាល​រដូវ​កាល​ដំបូង​ឆ្នា ២០០៦/២០០៧​ ដោយ​រក​បាន​តែ​មួយ​គ្រាប់​ក្នុង​ការ​ចូល​លេង ៧​ប្រកួត​ហើយ​ក្រោយ​មក​រូប​គេ​ក៏​ចាក​ចេញ​ទៅ​ចូល​រួម​ជាមួយ AC Milan។ ចំណែក​ Capello​  ក៏​ត្រូវ​បាន​ដក​ដំណែង​ក្នុង​ឆ្នាំ ២០០៧​ដែរ​ ដោយសារ​ដឹកនាំ​ក្រុម​បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ​ ទោះ​បី​ជួយ​ក្លឹប​លើក​ពាន​ក៏​ដោយ​។​ បន្ទាប់​មក​គាត់​ក៏​ប្ដូរ​មក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​​បន្ត​បន្ទាប់ ​រហូត​ចុង​ក្រោយ​គាត់​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​រុស្សី​បញ្ចប់​ដំណែង​គ្រូ​បង្វឹក​ឆ្នាំ​២០១៥៕

ប្រភព៖​ squawka

ប្រែសម្រួល៖ សៅណាត