កីឡាករ​មួយ​ចំនួន​ហាក់​មិន​សូវ​បាន​លេង​ពេល​នៅ​ជាមួយ​ក្លឹប​ ប៉ុន្តែ​ក្លាយ​ជា​កីឡាករ​សំខាន់​ក្នុង​ជម្រើស​ជាតិ​។ ខាង​ក្រោម​ជា​កីឡាករ​អង្គុយ​កៅអី​បម្រុង​នៅ​ក្លឹប​តែ​ជា​កីឡាករ​សំខាន់​ក្នុង​ជម្រើស​ជាតិ​សម្រាប់​ព្រឹត្តិការណ៍​ World Cup នៅ​រុស្សី៖

អ្នក​ចាំ​ទី៖ Sergio Romero (អាហ្សង់ទីន)

គាត់​មិន​អាច​ប្រជែង​ដំណែង​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​នៅ ​Manchester United ពី ​David De Gea បាន​ទេ ​ប៉ុន្តែ​ក្នុង​ជម្រើស​ជាតិ​គាត់​ជា​អ្នក​ចាំ​ទី​ដៃ​ដំបូង​ហើយ​គាត់​ជា​កីឡាករ​មាន​បទ​ពិសោធន៍​ក្នុង​ជម្រើស​ជាតិ​យូរ​មក​ហើយ។

ខ្សែ​ការពារ​ស្លាប៖ Achraf Hakimi (ម៉ារ៉ុក)

ខ្សែ​ការពារ​ស្លាប​ម្នាក់​នេះ​កម្រ​បាន​លេង​ក្រោម​ការ​ដឹកនាំ​របស់​លោក ​Zidane ខ្លាំង​ណាស់​នៅ​ Real Madrid តែ​បញ្ហា​នេះ​មិន​មែន​ជា​មន្ទិល​សម្រាប់​ជម្រើស​ជាតិ​នោះ​ទេ។ បទពិសោធន៍​ជាមួយ​ក្លឹប​ល្អ​និង​ធំ​បំផុត​ក្នុង​ពិភពលោក​ល្មម​គ្រប់​គ្រាន់​ឲ្យ​គាត់​ក្លាយ​ជា​កីឡាករ​សំខាន់​ ហើយ​នឹង​អាច​នាំ​ក្រុម​មក​ទ្វីប​អាហ្វ្រិក​មួយ​នេះ​ឈ្នះ​ World Cup ផង​ក៏​មិន​ដឹង។

ខ្សែ​ការពារ​កណ្ដាល៖ Thomas Vermaelen(បែលហ្សិក)

របួស​ញឹកញាប់​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​កីឡាករ​បាត់​ឈ្មោះ​នៅ ​Camp Nouប៉ុន្តែ​ Vermaelen នឹង​នាំ​កីឡាករ​វ័យ​ក្មេង​របស់​បែលហ្សិក​ដើរ​រាតត្បាត​ក្រុម​ខ្លាំងៗ​ក្នុង​ World Cup។

ខ្សែ​ការពារ​កណ្ដាល៖ ​Lucas Hernandez (បារាំង)

ខ្សែ​ការពារ​វ័យ​ក្មេង​បាន​សម្រេច​ចិត្ត​លេង​ឲ្យ​ក្រុម​មាន់​គក​បារាំង​ហើយ​លោក​ Didier Deschamps ពេញ​ចិត្ត​នឹង​កោះហៅ​កីឡាករ​របស់ ​Atletico Madrid រូប​នេះ​នឹង​ជា​រនាំង​ដ៏​រឹងមាំ​របស់​បារាំង។

ខ្សែ​ការពារ​ស្លាប​ឆ្វេង៖ Layvin Kurzawa (បារាំង)

ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ​រូប​គេ​ហាក់​ត្រូវ​បាន​មើល​រំលង​ពី​ព្រោះ​គ្រូ​បង្វឹក ​PSG ពេញ​ចិត្ត​ Yuri Berchiche ជាង  ​ប៉ុន្តែ​ក្នុង​ក្រុម​ជម្រើស​ជាតិ​បារាំង​ គាត់​ជា​ខ្សែ​ការពារ​ជួយ​ក្នុង​តំបន់​ប្រយុទ្ធ​បាន​ល្អ​។មិន​ខុស​ទេ​ដែល​មាន​គាត់​ជា​កីឡាករ​លេង​ក្នុង​ជម្រើស​ជាតិ។

ខ្សែ​បម្រើ៖ Paul Pogba (បារាំង)

អាជីព​នៅ​Man Utd របស់​គាត់​ប្រៀប​បាន​ជា​រឿង​ល្ខោន​ចេញ​ចូលៗ​ដោយ​សារ​បញ្ហា​ជាមួយ​គ្រូ​បង្វឹក​លោក​ Jose Mourinho។ ប៉ុន្តែ​ជីវិត​ក្នុង​ជម្រើស​ជាតិ​ហាក់​មិន​មាន​ផល​ប៉ះ​ពាល់​អ្វី​នោះ​ទេ​ ខណៈ​អតីត​ម្ចាស់​ជ័យ​លាភី​កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត​នៅ ​World Cup 2014 រូប​នេះ​សម្លឹង​មើល​ភាព​ជោគជ័យ​ក្នុង​ជម្រើស​ជាតិ​ក្នុង​ World Cup 2018។

ខ្សែ​បម្រើ៖ Isco (អេស្ប៉ាញ)

ខ្សែ​បម្រើ​រូប​នេះ​នរណា​ថា​មិន​ល្បី ​ប៉ុន្តែ​នៅ ​Real Madrid ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​ហាក់​មិន​សូវ​បាន​បង្ហាញ​ខ្លួន​ព្រោះ​មិត្ត​រួម​ក្រុម​ Asensio និង ​Vazquez​ក៏​លេង​ល្អ​ផង​ដែរ​នោះ។ ប៉ុន្តែ​លោក​ Julen Lopetegui ចាត់​ទុក​ Isco គឺ​ជា​អ្នក​ដឹកនាំ​ក្នុង​តំបន់​ប្រយុទ្ធ​ឲ្យ​គោ​ជល់​អេស្ប៉ាញ​។

ខ្សែ​បម្រើ៖ Philppe Coutinho (ប្រេស៊ីល)

គាត់​ទើប​តែ​ផ្ទេរ​ទៅ​លេង​​នៅ ​Barcelona កាល​ពី​ខែ​មករា​នេះ​ហើយ​មិន​ទាន់​បាន​បង្ហាញ​ពី​ភាព​ល្អ​របស់​ខ្លួន​នៅ​អេស្ប៉ាញ​នៅ​ឡើយ​ទេ។ ​ខណៈ​ដែល ​Neymar អវត្តមាន​ អតីត​ខ្សែ​បម្រើ​ប្រយុទ្ធ ​Liverpool រូប​នេះ​ អាច​រ៉ាប់​រង​បាន​ក្នុង​តំបន់​ប្រយុទ្ធ។

ប្រយុទ្ធ៖ Julian Draxler (អាល្លឺម៉ង់)

Unai Emery ហាក់​មិន​សូវ​មើល​ឃើញ​សមត្ថភាព​របស់​ Draxler ឡើយ​នៅ​ PSG ក្រោយ​ពេល​បន្ថែម ​Neymar និង ​Kylian Mbappe មក​កាន់​ក្លឹប​ធ្វើ​ឲ្យ​រូប​ត្រូវ​ទុក​ជ្រុង​ម្ខាង។ ប៉ុន្តែ​ក្នុង​ជម្រើស​ជាតិ​ អាល្លឺម៉ង់​ រូប​គេ​នឹង​លេង​ពេញ​ៗ​ម៉ោង​ក្នុង​World Cup នៅ​រុស្សី។

ខ្សែ​ប្រយុទ្ធ៖ Javier ‘Chicharito’ Hernández (ម៉ិកស៊ិក)​

គាត់​ជា​កីឡាករ​ប្រកប​ដោយ​បទ​ពិសោធន៍​ប៉ុន្តែ​នៅ ​West Ham គាត់​ហាក់​ក្លាយ​ជា​កីឡាករ​មិន​សូវ​សំខាន់ ​​ពី​ព្រោះ​តែ​របួស​ផង​នោះ។ តែ​ក្នុង​ជម្រើស​ជាតិ​គាត់​ជា​ប្រធាន​ក្រុម​របស់​មិកស៊ិក​សម្រាប់​ World Cup រដូវ​ក្ដៅ​នេះ។

Alvaro Morata (អេស្ប៉ាញ)

កន្លែង​របស់​គាត់​ក្នុង​ជម្រើស​ជាតិ​សម្រាប់​លេង​នៅ​រុស្សី​ជិត​នឹង​បញ្ជាក់​ឲ្យ​បាន​ដឹង​ហើយ​ក្រោយ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ប្រកួត​មិត្តភាព​ឲ្យ​អេស្ប៉ាញ។​ប្រសិន​បើ​គាត់​មាន​ឈ្មោះ​ក្នុង​បញ្ជី​លោក​ Julen គាត់​នឹង​បង្ហាញ​អ្នក​គ្រប់​គ្នា​ថា​ជា​អ្នក​រក​គ្រាប់​បាល់​ដោយ​មិន​អាច​កាត់​ថ្លៃ​បាន​សម្រាប់​ជម្រើស​ជាតិ៕