គ្រូបង្វឹក Sevilla លោក Vincenzo Montella បាននិយាយបែបកំប្លែងថា ឲ្យក្រុមរបស់លោកត្រូវតែតាមចាប់ Alexis Sanchez ឲ្យជាប់គឺធ្វើយ៉ាងណាក៏កុំឲ្យខ្សែប្រយុទ្ធរូបនេះ ក្រឡុកការប្រកួតខ្លាំងពេក ពេលពួកគេជួបគ្នាក្នុង Champions League វគ្គ១៦ក្រុមចុងក្រោយ។
Sanchez វ័យ២៩ឆ្នាំរកបានគ្រាប់បាល់តែមួយគ្រាប់ប៉ុណ្ណោះក្នុងការចូលលេង៥ប្រកួត ចាប់តាំងពីចាកចេញពី Arsenal ក្នុងរដូវដោះដូរកីឡាករកាលពីខែមករា។ តារាតម្លៃថ្លៃបំបែកកំណត់ត្រារបស់បិសាចក្រហម Paul Pogba ក៏មានឈ្មោះក្នុងបញ្ជីកីឡាករត្រូវលេងជាមួយក្លឹបអេស្ប៉ាញដែរក្រោយខកខានមិនបានលេងក្នុង FA Cup ទល់នឹង Huddersfield ដោយសារឈឺ។
ក្នុងសន្និសីទកាសែតមុនការប្រកួត លោក Montella បាននិយាយថា៖” Pogba ជាកីឡាករពេញលេញម្នាក់។ខ្ញុំសង្ឃឹមថាគាត់នឹងមិនបានលេងទៅចុះ”។
និយាយពី Sanchez ដែលជាអតីតខ្សែប្រយុទ្ធ Udinese, Barcelonaនិង Arsenal គ្រូបង្វឹករូបនេះបានបន្តថា៖” ខ្ញុំចាំថាគាត់លេងល្អណាស់ កាលគាត់ស្នាក់នៅអ៊ីតាលី។ គាត់ពង្រឹងរបៀបលេងបានច្រើនអំឡុងពេលនោះ ហើយខ្ញុំគិតថាគាត់អាចក្លាយជាកីឡាករល្អពិតប្រាកដម្នាក់ ពិសេសគាត់ល្អក្នុងល្បឿនប្រយុទ្ធ”។
“ ពិតណាស់ ប្រហែលជាយើងត្រូវតាមបិទគាត់ឲ្យជាប់ កុំឲ្យមាសឱកាសហើយបើអាចត្រូវចងៗ ត្រូវចាប់ៗតែម្ដង។ លេងជាមួយកីឡាករមានគុណភាព យើងត្រូវតែធ្វើបែបនេះដោយជៀសមិនផុត”។
នេះជាលើកដំបូងហើយដែល Man Utd បានឆ្លងផុតពីវគ្គជម្រុះក្នុងពូលចាប់ពីឆ្នាំ២០១៤មក ខណៈដែល Sevilla ក៏មិនដែលបានឡើងវគ្គ៨ក្រុមចុងក្រោយដែរ ក្រោយចាញ់ Leicester City កាលពីរដូវកាលមុន៕