ខ្សែ​ប្រយុទ្ធក្លឹប​តោ​ខៀវ Chelsea កីឡាករ Alvaro Morata អាច​នឹងត្រឡប់ទៅ​ Real Madrid វិញ​ក្រោយ​ចប់​រដូវ​កាល​នេះ​ខណៈ​ដែល​ក្លឹប​នៅ​អេស្ប៉ាញ​ហាក់​មិន​អស់​ចិត្ត​នឹង​សសមត្ថភាព​របស់​អតីត​យុវជន​របស់​ខ្លួន។

តាម​ប្រភព​ពី​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​គឺ ​ Talke SPORT, Express, និយាយ​ដូច​ៗគ្នា​ថា​ Real Madrid ចាប់​អារម្មណ​ក្នុង​ការ​នាំ​យក​ Morata វ័យ​២៥​ឆ្នាំ​ត្រឡប់​ទៅ​ Bernabeu វិញ ​ខណៈ​ដែល​គេ​សង្ស័យ​ថា​អនាគត​របស់​ ​Karim Benzema នៅ ​Madrid បាន​ចប់​មែន​ទែន​ហើយ។

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​​​ ទើប​តែ​បាន​មក​ចូល​រួម​ជាមួយ ​Chelsea កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន​ក្នុង​តម្លៃ​៦០​លាន​ផោន​។ ​ដើម​រដូវ​កាល​រូប​គេ​បង្ហាញ​ខ្លួន​យ៉ាង​ល្អ​ឲ្យ​តោ​ខៀវ​ដោយ​រក​បាន​១២​គ្រាប់​មុន​ឆ្នាំ​២០១៨។​ ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នោះ​មក​រូប​គេ​រក​បាន​៣​គ្រាប់​ប៉ុណ្ណោះ​គិត​តាំង​មួយ​គ្រាប់​យប់​មិញ​តែត​ចូល ​Spurs ក្នុង​ការ​ប្រកួត​ដែល​ចាញ់​Tottenham ១-៣។

បើ​ Alvaro Morata ត្រឡប់​ទៅ​Bernabeu វិញ​នោះ​វា​ជា​លើក​ទី​បី​ហើយ​ដែល​រូប​គេ​ក្លាយ​ជា​កីឡាករ​របស់​ស្ដេច​ស​ ក្រោយ​ពេល​ចូល​រួម​ជាមួយ​ស្ដេច​កាល​ពី​ឆ្នាំ​២០០៨​ចេញ​ពី​ឈុត​យុវជន​ដោយ​បង្ហាញ​ខ្លួន​៥២​ប្រកួត ​មុន​ពេល​ចេញ​ទៅ Juventus ឆ្នាំ​២០១៤​។២​ឆ្នាំ​ក្រោយ​មក ​រូប​គេ​ក៏​ចុះ​កុង​ត្រា​ជាមួយ​ក្រុម​លោក​ Zidane ម្ដង​ទៀត​ ដោយ​រក​បាន​២០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៤៣​ប្រកួត​នៅ​រដូវ​កាល​២០១៦/១៧មុន​ពេល​ផ្ទេរ​មក​ Chelsea​មុន​ចាប់​ផ្ដើម​រដូវ​កាល​នេះ។

ក្រៅ​ពី​ Real Madrid, Bayern Munich ក៏​ជា​ក្លឹប​មួយ​កំពុង​តែ​សម្លឹង​ឃើញ​ Morata ដែរ​ប្រសិន​បើ​ Robert Lewandowski ចាក​ចេញ​ពី​ក្លឹប​ម្ចាស់​ជើង​ឯក​ Bundesliga មួយ​នេះ៕