សហព័ន្ធបាល់ទាត់របស់អង់គ្លេសគឺ FA បានធ្វើការសម្រេចផាកពិន័យទៅលើគ្រូបង្វឹករបស់ក្រុមមេឃខៀវ Manchester Cityដោយសារហេតុផលគឺ លោក Pep Guadiola បានពាក់បូលឿងតូចមួយនៅលើអាវយឺត និងអាវធំរបស់ខ្លួនកាលពីប្រកួតដែលក្រុមមេឃខៀវបានចាញ់ក្រុមមកពីលីកទី២ Wigan Athletic ក្នុងពាន FA Cup។
នេះមិនមែនជាលើកទីមួយទេ ដែលលោក Guadiola បានពាក់បូលឿង ដូចគ្នានេះដែរ កាលពីខែធ្នូ ឆ្នាំ មុន ពេលកំពុងបញ្ជា កូនក្រុមនៅលើទីលានប្រកួត។ ខាង FA បានធ្វើការព្រមានលោកមិនអោយពាក់វាតទៅទៀត ដោយសារបូលឿងនេះមានបង្កប់នូវអត្ថន័យនយោបាយដែលចង់ បង្ហាញពីការប្រឆាំង និងការចាប់ខ្លួនអ្នកនយោបាយសញ្ជាតិកាតាឡាន់ ដែលត្រូវអាជ្ញាធរអេស្ប៉ាញចាប់ដាក់ពន្ធនាគារ។
លោក Guadiola ធ្លាប់បាននិយាយជាចំហអំពីបញ្ហានយោបាយនៅកាតាឡាន់ ដែលមានទីក្រុងបាសេឡូណាជាដើម នៅទីនោះ ថា មានមនុស្សជាច្រើនដែលកំពុងជាប់ក្នុងពន្ធនាគា រដោយសារពួកគេធ្វើការតស៊ូមតិ ដើម្បីទាមទារការផ្លាស់ប្ដូរបំបែករដ្ឋ។
” ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយពួកគេនឹងមានសេរីភាព បានវិលត្រលប់ទៅជួបជុំក្រុមគ្រួសារវិញ។បើសិនជាពួកគេមិនទាន់ត្រូវគេដោះលែងនោះទេ បូពណ៌លឿងនេះនឹងនៅតែជាប់លើខ្លួនរបស់ខ្ញុំ។ បើខាង UEFA Premier League ឬ FA មិនពេញចិត្ត ពួកគេអាចពិន័យ ឬព្យួរការដឹកនាំការប្រកួតរបស់ខ្ញុំបាន”។
ចំពោះលោក Guadiola នឹងមានពេលរហូតដល់ថ្ងៃចន្ទ ម៉ោង៥ល្ងាច ដើម្បីធ្វើការប្ដឹងតវ៉ាសើរើរឿងនេះវិញ៕
Source: besoccer