ក្លឹប ​Real Madrid កំពុង​ពិចារណា​ក្នុង​ការ​នាំចេញ​​កីឡាករ​កំពូល​ល្បឿន​របស់​ពួក​គេ​គឺ​ Gareth Bale​ នៅ​ក្រោយ​ការ​ប្រកួត​World Cup ចប់។

អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​មាន់​ខ្នាយ​មាស ​Tottenham Hotspur រូប​នេះ​ហាក់​ដូច​មិន​សូវ​ជោគជ័យ​នៅ​ទឹក​ដី​អេស្ប៉ាញ​នោះ​ទេ​ ដោយសារ​តែ​មាន​បញ្ហា​របួស​ញាំញី​ជា​ប្រចាំ​ តាំង​ពី​ចូលរួម​ជាមួយ​ក្រុម​ស្ដេច​ស​នៅ​ឆ្នាំ​២០១៣​មក។ រូប​គេ​មាន​បញ្ហា​របួស​ច្រើន​ស្មុគស្មាញ​ពិបាក​និង​ពន្យល់​ ទោះ​បី​ជា​អំឡុង​ពេល​ប្រកួត​នៅ​លើ​ទីលាន ​គេ​ពុំ​សូវ​រង​ការ​ប៉ះទង្គិច​ជា​មួយ​កីឡាករ​ដទៃ​ក៏​ដោយ ។ ក្នុង​រដូវ​កាល​នេះ​ Bale​ បាន​ចូល​លេង​តែ​ប៉ុន្មាន​ប្រកួត​ប៉ុណ្ណោះ​ ដោយ​ភាគ​ច្រើន​ដូរ​ចូល​នៅ​ចុង​ម៉ោង​។

តាម​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ គេ​សង្ស័យ​ថា​ Gareth Bale អាច​នឹង​វិល​ត្រលប់​ទៅ​ក្លឹប​ចាស់​របស់​ខ្លួន​វិញ​ បើ​សិន​ជា​មាន​ការ​ដោះដូរ​គ្នា​រវាង ​Harry Kane ទៅ​កាន់ ​Real Madrid។ ចំពោះ​ការ​លក់​កីឡាករ​នេះ​ចេញ​ Real Madrid ​មាន​ការ​យល់​ឃើញ​អាស្រ័យ​ដោយ​ហេតុផល​ទាំង​៥​យ៉ាង​ខាង​ក្រោម​នេះ:

១. មកពីរបួស


ហេតុ​ផល​សំខាន់​ជាង​គេ​នេះ​គឺ​មក​ពី​ Bale ​តែង​តែ​មាន​របួស​ជា​ប្រចាំ​ ដែល​គេ​ពិបាក​នឹង​រក្សា​ទុក​កីឡាករ​នេះ​នៅ​ក្នុង​ក្រុម​បន្ត​ទៀត​។

២. អស់​ជំនឿ​ចិត្ត​


ទោះ​បី​ជា​កីឡាករ​សញ្ជាតិ​វែល​រូប​នេះ​ មាន​ទម្រង់​លេង​ដ៏​ល្អ​ នៅ​ពេល​ដែល ​fit ​១០០​ភាគរយ​តែ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​មក​នេះ​ គេ​មិន​ទាន់​បាន​ឃើញ​Bale ​លេង​បាល់​បាន​ពេញ​ជើង​ល្អ​នោះ​ទេ។

៣. បាត់បង់​ការ​ប្រកួត​ប្រជែង​ក្នុង​ក្រុម​


ខណៈ​ដែល​Real Madrid ត្រូវ​បាន​គេ​ដឹង​ថា​ ជា​ទីកន្លែង​ដ៏​តានតឹង​ និង​ពោរពេញ​ទៅ​ដោយ​សម្ពាធ​ ព្រោះ​កីឡាករ​ទាំង​អស់​នៅ​ក្នុង​ក្រុម​ត្រូវ​តែ​ខំ​ប្រឹង​ហ្វឹកហាត់​ ដើម្បី​ដណ្ដើម​យក​កៅអី​ជម្រើស​ដំបូង​នៅ​ក្នុង​ក្រុម​ ប៉ុន្ដែ Bale ​ហាក់​ដូច​ជា​បាត់បង់​ទំនុក​ចិត្ត​និង​ ការ​តស៊ូ​ដើម្បី​រក្សា​តំណែង​របស់​ខ្លួន​ត​ទៅ​ទៀត។

៤. រុះរើ​ប្រព័ន្ធ​ប្រយុទ្ធ​


ដោយសារ​តែ​អវត្តមាន​របស់ ​Bale ​ធ្វើ​កីឡាករ​វ័យ​ក្មេង​ Marco Asensio ​បាន​ក្លាយ​ជា​អ្នក​ជំនួស​តំណែង​ដ៏​សំខាន់​របស់​គេ​។Asensio​ អាច​លេង​បាន​យ៉ាង​ល្អ​នៅ​ខាង​លើ​ជាមួយ ​Ronaldo​ និង ​Isco​ ដែល​អាច​ក្លាយ​ជា​ប្រព័ន្ធ​ប្រយុទ្ធ​ថ្មី​ជំនួស​ BBC។

៥. អាច​បាន​លុយ​ខ្លះ​មក​វិញ​


កាល​ចាយ​លុយ​រហូត​ដល់​១០០​លាន​ដុល្លារ​ បាន​ក្លាយ​ជា​ការ​ខក​ចិត្ត បន្ទាប់​ពី​កីឡាករ​រូប​នេះ​មិន​អាច​ផ្ដល់​នៅ​ការ​តប​ស្នង​ជូន​ក្រុម​វិញ​អោយ​សម​ទៅ​និង​តម្លៃ​ខ្លួន​របស់​គេ។

Real Madrid សង្ឃឹម​ថា​ អាច​លក់​រូប​គេ​បាន​ថ្លៃ​ប្រហែល​ខ្ទង់​៨០ ឬ​៩០​លាន​ដុល្លារ​វិញ​ ពេល​ទីផ្សារ​ដោះដូរ​បើក​នៅ​រដូវ​ក្ដៅ​នេះ​ មុន​ពេល​អស់​ហាង​ឆេង។

Marce EN