ក្រុម​បិសាច​ក្រហម ​Manchester United និង​ AC Milan ត្រូវ​បាន​គេ​រាយការណ៍​ថា ​កំពុង​ប្រជែង​គ្នា​ដណ្ដើម​យក​ខ្សែ​ប្រយុទ្ធ​វ័យក្មេង​មាន​ទេពកោសល្យ​បំផុត​នៅ​អឺរ៉ុប​ក្នុង​ខែ​មករា​នេះ។

ក្លឹប​ទាំង​ពីរ​កំពុង​តែ​ដុត​ដៃ​ដុត​ជើង​រៀប​ចំ​ឯកសារ​ដេញ​ថ្លៃ​ដែល​កីឡាករ​ម្នាក់​មាន​ឈ្មោះ​ David Neres ឬ​គេ​ស្គាល់​ថា ” ​Little Neymar”ហើយ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ​ កំពុង​បង្ហាញ​ទម្រង់​លេង​ល្អ​នៅ​ក្របខ័ណ្ឌ Eredivisie ក្នុង​រដូវ​កាល​នេះ។

កីឡាករ​វ័យ​ក២០​ឆ្នាំ​រក​បាន​០៨​គ្រាប់​និង​បញ្ជូន​បាល់​បាន​១០​ដង​ឲ្យ​មិត្ត​រួម​ក្រុម​ក្នុង​ការ​ចូល​លេង​ត្រឹម​១៦​ប្រកួត​ឲ្យ​ក្លឹប​លីក​កំពូល​ហូឡង់។ Neres ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កីឡាករ​មាន​ល្បឿន​លឿន​និង​ទិកនិក​ញាក់​បាល់​​បាន​ល្អ​ហើយ​ដំណែង​ល្អ​បំផុត​សម្រាប់​គេ​គឺ​ខ្សែ​ប្រយុទ្ធ​ស្លាប​ស្ដាំ។

វេបសាយ​កីឡា​អ៊ីតាលី​​ “Calcio Mercato”បាន​រាយការណ៍​ថា ​AC Milan បាន​ចូល​រួម​ប្រជែង​ជាមួយ​ Manchester United ក្នុង​ចុះ​កុង​ត្រា​យក​កីឡាករ​វ័យ​២០​ឆ្នាំ​ជម្រើស​ជាតិ​ប្រេស៊ីល ​ដែល​បាន​ចាក​ចេញ​ពី​ Sao Paolo​មក​ចូល​រួម​ជាមួយ ​Ajax កាល​ពី​ខែ​មករា​ឆ្នាំ​មុន​ក្នុង​តម្លៃ​១២​លាន​អឺរ៉ូ​។

និយាយ​ពី​ Ajax វិញ​គ្មាន​បំណង​នឹង​លក់​កីឡាករ​ដែល​ពួក​គេ​ប្រើ​មិន​ទាន់​អស់​ថ្លៃ​នៅ​ឡើយ​ ប៉ុន្តែ​​ Arsenal, Tottenham​និង​Juventus កំពុង​តែ​បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​បាន​ផង​ដែរ។​ អញ្ចឹង​ក៏​ដោយ​តាម​ការ​សន្និដ្ឋាន​មួយ​ចំនួន​កីឡាករ​វ័យ​ក្មេង​រូប​នេះ​នឹង​នៅ​ហូឡង់​មិន​បាន​យូរ​ទេ​ហើយ​រូប​គេ​អាច​នឹង​ចាក​ចេញ​។

ប្រភព​ដដែល​បាន​បង្ហើប​ថា​ក្លឹប​យក្ស​ហូឡង់​នឹង​កំណត់​តម្លៃ​ដំបូង​បំផុត​២៥​លាន​អឺរ៉ូ​ ប្រសិន​បើ​ពួក​គេ​ចង់​លក់​ចេញ​៕