តារា​បាល់​ទាត់​ព័រទុយហ្គាល់​បាន​ផ្ទេរ​ទៅ​លេង​នៅ​ Old Trafford ក្នុង​រដូវ​ក្ដៅ​ឆ្នាំ​២០០៣​ ដោយ​បោះបង់​ការ​ទៅ​ចូល​រួម​ក្លឹប​កំពូល​ៗ​ធំ​នៅ​អ៊ីតាលី​ និង​អេស្ប៉ាញ។

CR7 បាន​បញ្ជាក់​ថា​គាត់​បាន​សម្រេច​ចិត្ត​មក​លេង​នៅ ​Manchester United បន្ទាប់​ពី​បោះបង់​ការ​ចាប់​អារម្មណ៍​ពី ​Juventus និង ​Real Madrid។ កីឡាករ​វ័យ​៣២​ឆ្នាំ​បច្ចុប្បន្ន​កំពុង​លេង​នៅ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ម៉ាឌ្រីដ ​ជាមួយ​នឹង​តម្លៃ​បំបែក​កំណត់​ត្រា​ពិភពលោក​កាល​ពី​ឆ្នាំ ២០០៩​ ដោយ​ចេញ​ពី ​Old Trafford មក ​Santiago Bernabeu។

តាម​ពិត​ទៅ​គាត់​ អាច​នឹង​មក​ Real Madrid កាល​ពី​៦​ឆ្នាំ​មុន​ មុន​ប្ដូរ​មក​លេង​ឆ្នាំ​២០០៩​​ និង​អាច​ទៅ​លេង​នៅ​ទឹក​ដី​ Turin របស់ ​Juventus ក្រោយ​ពេល​រូប​គេ​កំពុង​មាន​គេ​ចាប់​អារម្មណ៍​ខ្លាំង​កាល​ឆ្នាំ​២០០៣​នៅ​ក្លឹប​ Sporting Lisbon។ Ronaldo មាន​អារម្មណ៍​ថា​ ខ្លួន​នៅ​ក្មេង​ណាស់​ពេល​សម្រេច​ចិត្ត​ទៅ​ទី​ណា​មួយ ​ពី​ព្រោះ​មាន​ក្លឹប​ធំ​ជា​ច្រើន​ចង់​បាន​ ប៉ុន្តែ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​ដោយ​មាន​ភ្នាក់​ងារ​កីឡាករ​ជួយ​ផ្ដល់​យោបល់​ផង​នោះ ​រូប​គេ​ក៏​បំពេញ​ក្ដី​ស្រមៃ​ខ្លួន​ឯង​ទៅ​លេង​នៅ​Manchester United។

និយាយ​ទៅ​កាន់​អតីត​កីឡាករ ​Juventus លោក Alessandro Del Piero បន្ទាប់​ពី​ទទួល​ពាន​ Player of The Year ក្នុង​ពិធី​ចែក​ពាន​ Globe Soccer Award ម្ចាស់​ជយលាភី​បាល់​មាស Ballon d’Or បាន​និយាយ​ថា​៖”​មាន​ក្លឹប​ជា​ច្រើន​ចាប់​អារម្មណ៍​មក​លើ​ខ្ញុំ ប៉ុន្តែ​បុរស​ម្នាក់​ដែល​ជួយ​ដល់​ខ្ញុំ​ជាង​គេ​គឺ​  Jorg Mendes។ គាត់​តែង​តែ​ណែនាំ​ខ្ញុំ​ឲ្យ​សម្រេច​ចិត្ត​ត្រូវ​។​ ពិត​ណាស់ ខ្ញុំ​ចាំ​ថា​គាត់​និយាយ​អំពី ​Juventus​ហើយ​ខ្ញុំ​រីករាយ​ណាស់​ដែល​ក្លឹប​ដ៏​អស្ចារ្យ​មួយ​ចង់​បាន​ខ្ញុំ​”។

“ហើយ​គាត់​ក៏​និយាយ​ពី​ Real Madrid, Manchester United និង​ក្លឹប​ជា​ច្រើន​ទៀត។​ ប៉ុន្តែ​ក្លឹប​ដែល​ស្នើ​សុំ​ឲ្យ​នូវ​លក្ខខណ្ឌ​ប្រសើរ​ជាង​គេ​គឺ ​United។  វា​គឺ​ជា​ក្ដី​សុបិន​របស់​ខ្ញុំ​ដោយ​សារ​តែ​កាល​នោះ​ ខ្ញុំ​ជា​ក្មេង​ម្នាក់​ដែល​ចង់​ទៅ​លេង​នៅ​Premier League។ ​United ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ឱកាស​នេះ ​ហើយ​ក៏​អរគុណ​ដល់​ Sie Alex Ferguson ​ពិសេស ​Jorge​ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​ទៅ​ដល់​ទី​នោះ”

ការ​ចំណាយ​ពេល​៦​ឆ្នាំ​នៅ ​Manchester United, Ronaldo បាន​រក​បាន​គ្រាប់​បាល់​ចំនួន​១១៨​គ្រាប់​ក្នុង​២៩២​ប្រកួត ​ដោយ​ជួយ​ក្លឹប​ឈ្នះ​ពាន​ Premier League ៣ ​ដង FA Cup ម្ដង League Cup, Champions League និង ​Club World Cup ម្ដង​ម្នាក់​ៗ​ផង​ដែរ។

បែប​ណា​ក្ដី​! ទោះ​បី​មក​ដល់​ Real Madrid ហើយ​ក៏​ដោយ​ Ronaldo នៅ​តែ​ជួយ​ក្លឹប​លើក​ពាន​គឺ​ La liga ២​ដង Champioins League ៣​ដង​ និង​ FIFA World Cup ៣​ដង​(រាប់​តែ​ពាន​ធំ)​រួម​ទាំង​ពាន​កិត្តិយស​បុគ្គល​រាប់​មិន​អស់​ទៀត៕