Barcelona កំពុងតែពិចារណាបើកប្រតិបត្តិការធំមួយគឺលក់កីឡាករជម្រើសដំបូង៥នាក់យកលុយទិញ Phlippe Coutinhoនិង Antoine Griezmann។
កាសែតអេស្ប៉ាញមានប្រភពក្នុងតំបន់ Catalan, Sport English បាននិយាយថា កីឡាករដែលស្ថិតបេសកកម្មចេញពីBarcelona មាន Rafinha, Gerard Deulofeu, Aleix Vidal, Arda Turanនិង Javier Mascherano ដែលកីឡាករទាំងនេះនឹងត្រូវយកចេញដើម្បីទុកកន្លែងទំនេរផង និងយកលុយទៅបង្គ្រប់ទិញកីឡាករថ្លៃៗពីរនាក់ផង។
ក្នុងស្ថានភាពនៃការចាកចេញនេះ Mascherano នឹងអាចចេញទៅលេងនៅក្លឹបណាមួយក្នុងលីកកំពូលចិន បន្ទាប់ពីបដិសេធបន្តកុងត្រាជាមួយ Barcelona។ Deulofeu និង Vidal កីឡាករទាំងពីរនាក់នេះនឹងផ្ទេរទៅលេងនៅ Serie A ជាមួយ Inter Milan និងRoma តាមលំដាប់លំដោយ ខណៈ Rafinha អាចនៅអេស្ប៉ាញដដែល តែក្លឹបដែលចង់បានគឺCelta Vigo។
ចំណែកស្ថានភាពរបស់ Turan គឺពិបាកជាងគេ ដោយរូបគេមិនមានក្លឹបនៅអឺរ៉ុបក្រៅប្រទេសទួរគីណាមួយចាប់អារម្មណ៍ប៉ុន្តែក្លឹបក្នុងស្រុកអាចមានច្រើន៕