ប៉ុន្មាន​ម៉ោងមុន​នេះ​ គេហទំព័រ​ល្បី​ៗ​នៅ​អង់គ្លេស​បាន​ចុះ​ផ្សាយ​ព្រោងព្រាត​ថា ​លោក Jose Mourinho កំពុង​រៀប​ចំ​សំណើ​យក​ខ្សែ​បម្រើ​កំពូល ​Assist របស់​ក្រុម​កាំភ្លើង​ធំ​ Arsenal កីឡាករ​​ Mesut Ozil ​ដែល​នឹង​ផុត​កំណត់​កុង​ត្រា​ពេល​ចប់​រដូវ​កាល​នេះ ហើយ​នោះ។

គ្រូ​បិសាច​ក្រហម​រូប​នេះ​ ធ្លាប់​ធ្វើ​ការ​ជាមួយ​កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់​កាល​ដឹកនាំ​ Real Madrid ដោយ​អ្នក​ទាំង​ពីរ​ក៏​ជួយ​ក្លឹប​អេស្ប៉ាញ​មួយ​នេះ​ លើក​ពាន​ La liga និង​ Copa del Ray មុន​កីឡាករ​វ័យ​២៨​ឆ្នាំ​ប្ដូរ​មក​លេង​នៅ​កីឡដ្ឋាន Emirates។

Ozil ធ្លាប់​ឈ្នះ​ពាន ​FA Cup ៣​ដង​នៅ ​Arsenal ក្រោម​ការ​ដឹកនាំ​របស់​លោក Arsen Wenger ប៉ុន្តែ​អនាគត​របស់​គេ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ។ កុង​ត្រា​របស់​Ozil នឹង​ផុត​កំណត់​នៅ​រដូវ​កាល​២០១៧/១៨​នេះ​ ខណៈ​ខ្សែ​បម្រើ​ជម្រើស​ជាតិ​អាល្លឺម៉ង់​មិន​ទាន់​បាន​បន្ត​កុង​ត្រា​ថ្មី​ផងនោះ។

បើ​តាម​ប្រភព ​Bild របស់​អាល្លឺម៉ង់​និយាយ​ថា​ Mourinho នឹង​នាំ​យក​គាត់​មក​ Old Trafford ពេល​ចប់​រដូវ​កាល​នេះ។ បិសាច​ក្រហម​និង​ក្រុម​អ្នក​មាន​បុណ្យ​ចង់​បាន​ Ozil ក្នុង​រដូវ​កាល​នេះ​ ប៉ុន្តែ​សំណើ​ទាំង​អស់​ត្រូវបាន ​Arsenal បដិសេធ។

បែប​ណា​ក្ដី​! Ozil រីករាយ​នឹង​សម្រេច​ចិត្ត​ពី​អនាគត់​របស់​ខ្លួន​ពេល​ចប់​រដូវ​កាល​នេះ​​ដែល​ប្រភព​មួយ​ចំនួន​ថា​​​ រូប​គេ​នឹង​ប្ដូរ​ទៅ​លេង​នៅ​ក្លឹប​ដែល​ជា​គូ​ប្រជែង​ពាន​ Premier League របស់ ​Arsenal៕