អតីតកីឡាករ Manchester United, Gary Neville ជឿថា Jose Mourinho គួរតែពិចារណាដក Romelu Lukaku ចេញហើយដាក់ Alexis Sanchez ឲ្យលេងក្នុងតំបន់ប្រយុទ្ធកណ្ដាល។
ចាប់តាំងពីផ្ទេរចេញពី Arsenal កាលពីខែមករា ខ្សែប្រយុទ្ធជម្រើសជាតិឈីលី ហាក់លេងមិនសូវបានល្អនោះទេ ដោយរកបាន១គ្រាប់និងបញ្ជូនបាល់បាន២ដងក្នុង៦ប្រកួតដំបូង។ ចំណែក Lukaku ជាកីឡាករទិញមកក្នុងតម្លៃថ្លៃដែរនោះ រកបាន២១គ្រាប់គ្រប់កម្មវិធីប្រកួតឲ្យក្លឹប ប៉ុន្តែសមត្ថភាពរបស់គេមិនអាចរកបានគ្រាប់បាល់ទល់នឹងក្លឹបខ្លាំងៗនោះទេ។
ការប្រកួតទល់នឹង Chelsea នៅថ្ងៃអាទិត្យស្អែកនេះ Neville ជឿថាដល់ពេលដែល Alexis Sanchez លេងក្នុងដំណែងប្រយុទ្ធកណ្ដាល ដែលជាដំណែងរបស់គេធ្លាប់លេងនៅ Arsenal កាលពីដើមរដូវកាល។
“ តាមគំនិតរបស់ខ្ញុំនៅពេលនេះ កីឡាករដែលមានសម្ពាធគឺ Romelu Lukaku បើនិយាយពីទម្រង់លេងរបស់គាត់ ហើយបើនិយាយពី Sanchez វិញត្រូវតែទៅលេងនៅប្រយុទ្ធកណ្ដាលម្ដងហើយ ដោយសារតែខ្ញុំមិនច្បាស់ថាគាត់ពិតជាសាកសមនឹងលេងនៅស្លាបស្ដាំ។ លេងបែបនេះអាចឲ្យ Marcus Rashford បានចូលលេងក្នុងតំណែងរបស់ខ្លួនវិញ”។
“ ខ្ញុំគិតថា Lukaku ធ្វើបានល្អនៅរដូវកាលនេះ ប៉ុន្តែខ្ញុំគិតថា វាពិតជាមិនល្អទេដែលគាត់ (Lukaku)និង Alexis Sanchez បង្ហាញទម្រង់លេងមិនទាន់ដល់កម្រិតរបស់ខ្លួន។ ពេលនេះ អ្នកគួរតែគិតថា Sanchez នឹងឡើងដល់កម្រិតខ្ពស់មួយហើយ Lukaku ត្រូវនៅក្រៅក្រុម២ទៅ៣ប្រកួតសិន”។
“ នេះមិនមែនដោយសារគាត់ជាកីឡាករមិនល្អនោះទេ ប៉ុន្តែគាត់គួរតែនៅក្រៅក្រុមខ្លះដើម្បី គិត និងធ្វើឲ្យស្រស់ស្រាយឡើងវិញ ហើយការប្រកួតនឹងមានភាពខុសគ្នា “៕