Manchester United និង Devid De Gea ជិតឈានដល់ធ្វើកិច្ចព្រមព្រៀងបន្តកុងត្រាថ្មីហើយនេះ បើតាមប្រភពកាសែតអង់គ្លេស The Time បានបង្ហាញឲ្យដឹង។
កាសែតខាងលើក៏ថែមទាំងបង្ហាញពីតម្លៃនៃការតកុងត្រានេះដែរ គឺមានដល់ទៅ១៣លានអឺរ៉ូក្នុងមួយឆ្នាំ។ ប្រសិនបើកាសែត មានប្រភពពីប្រទេសអង់គ្លេសមួយនេះ ផ្សាយជាការពិតនោះ មានន័យថា De Gea នឹងក្លាយជាអ្នកចាំទីទទួលបានប្រាក់ឈ្នួលខ្ពស់ជាងគេបំផុតក្នុងពិភពលោក។
ព័ត៌មានចចាមអារ៉ាមនៃការបន្តកុងត្រាថ្មីបានលេចឡើងកាន់តែសុះសាយ ក្រោយពេលកីឡាករអេស្ប៉ាញរូបនេះ ជាប់ទាក់ទងជាមួយនឹងការចង់បានពី Real Madrid។ កុងត្រាចាស់របស់អ្នកចាំទីដៃទីមួយជម្រើសជាតិអេស្ប៉ាញ ផុតកំណត់ដល់ឆ្នាំ២០១៩ ប៉ុន្តែក្លឹបមានមូលដ្ឋាននៅទីក្រុង Manchester កំពុងគិតពីអនាគតវែងឆ្ងាយ ហើយមិនចង់រង់ចាំដល់នាទីចុងក្រោយទើបទាន់ហន់ធ្ចើការចុះកុងត្រានោះទេ។
គ្រូបង្វឹកបិសាចក្រហមលោក Jose Mourinho ដឹងថាថ្វីដៃរបស់ De Gea ល្អឥតខ្ចោះក្នុងការប្រកួតជាមួយ Sevilla ត្រូវតែរក្សាឲ្យគង់ហើយលោកពិតជាមិនចង់បាត់បង់នោះដែរ។ ក្នុងការប្រកួតដែលស្មើដោយគ្មានគ្រាប់បាល់នោះ De Gea បង្ហាញទម្រង់លេងកម្រិត១០/១០ជាមួយ Sevilla ក្នុង Champions League កាលពីយប់ថ្ងៃពុធ៕