ក្លឹប​យក្ស​ Real Madrid​ កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កីឡាករ​របស់ ​Manchester City ម្នាក់​គឺ​ Raheem Sterling ខណៈ​ដែល​រូប​គេ​នៅ​សល់​កុងត្រា​តែ​ពីរ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ជាមួយ​ក្រុម​មេឃ​ខៀវ។

កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​កំពុង​មាន​មន្ទិល​សង្ស័យ​អំពី​អនាគត​របស់​ខ្លួន​ជាមួយ​ក្លឹប​ ដោយ​សារ​មិន​ទាន់​មាន​ការ​បន្ត​កុងត្រា​ថ្មី​ ហើយ​អាច​នឹង​ចាក​ចេញ​ពី​ក្លឹប​នា​រដូវ​ក្ដៅ​ខាង​មុខ​នេះ​ទៀត​ផង។ Sterling ជា​កីឡាករ​ដ៏​សំខាន់​ម្នាក់​របស់​លោក​Pep​ Guadiol a​ក្នុង​រដូវ​កាល​នេះ ​ដោយ​គេ​បាន​ជួយ​ស៊ុត​បញ្ចូល​ទី​បាន​២០​គ្រាប់​នៅ​គ្រប់​ការ​ប្រកួត​ និង​ជួយ​ក្រុម​កាន់​កាប់​កំពូល​តារាង ​Premier​League ​តាំង​ពី​ដើម​រដូវ​កាល​មក។

ក្លឹប Man City បាន​ត​កុងត្រា​ថ្មី​ដល់​កីឡាករ​សំខាន់​របស់​ខ្លួន​គឺ ​Kevin De Bruyne និង David Silva រួច​ហើយ​នៅ​ឡើយ​តែ​Sterlingដែល​មិន​ទាន់​បាន​កាន់​ប៊ិច​ស៊ីញ៉េ​កុងត្រា​ថ្មី​និង​គេ។ភាព​ចន្លោះ​ប្រហោង​នេះ​ហើយ​ ដែល​នាំ​ឲ្យ​ក្រុម​លោក​Zinedine Zidane​ កំពុង​លេប​ទឹក​មាត់​ ចង់​បាន​តារា​ជើង​ស៊ុត​ម្នាក់​នេះ​ទៅ​ចូលរួម​ជាមួយ​ពួកគេ​។

Steerling ​កំពុង​ឡើង​ជើង​ខ្លាំង​ក្នុង​រដូវ​កាល​នេះ​ហើយ​ត្រូវ​បាន​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កោះ​ហៅ​ត្រៀម​លេង​ World Cup​ នៅ​រុស្សី​នា​ពេល​ខាង​មុខ​ ដោយ​និង​ចាប់​ដៃ​គ្នា​ជាមួយ​ Harry Kane លេង​ក្នុង​តំណែង​ប្រយុទ្ធ។ជាមួយ​កុងត្រា​ចាស់​ Raheem Sterling ទទួល​បាន​ប្រាក់​ឈ្នួល​ត្រឹម​តែ​ ១៨ម៉ឺន​ផោន​ប៉ុណ្ណោះ​ ក្នុង​មួយ​សប្ដាហ៍​ដែល​តិច​ជា​ខ្សែប្រយុទ្ធ​ខ្លះ​ទៅ​ទៀត​ តែ​គេ​សង្ឃឹម​នឹង​បាន​ច្រើន​ជាង​នេះ​បើ​សិន​ជា​គេ​ព្រម​ត​កុងត្រា​ថ្មី៕

mirror.uk