ក្លឹបបិសាចក្រហម Manchester United បានប្រកាសជាផ្លូវការថាបានយល់ព្រមបន្តកុងត្រាឲ្យខ្សែការពារ Marcos Rojo បន្ថែមទៀត ខណៈកុងត្រាថ្មីនេះមានសុពលភាពដល់ឆ្នាំ២០២១ ជាមួយនឹងជម្រើសបន្តមួយឆ្នាំថែមទៀត។
ខ្សែការពារជម្រើសជាតិអាហ្សង់ទីនរូបនេះ ស៊ីញេកុងត្រាដំបូងឲ្យ Manchester United កាលពីថ្ងៃ ទី ២០ សីហា ឆ្នាំ ២០១៤។ អំឡុងការចំណាយពេលវេលានៅ Old Trafford រូបគេជួយក្លឹបឈ្នះពាន FA Cup មួយ League Cup មួយ និងEuropa League មួយរួមជាមួយ Community Shield មួយ។
អំឡុងកាន់ប៊ិកសម្រក់ទឹកខ្មៅលើក្រដាសកុងត្រា Rojo បាននិយាយថា៖” ចាប់តាំងពីខ្ញុំបានមកចូលរួមជាមួយ United គ្រប់យ៉ាងដែលខ្ញុំគិត នឹងមានច្រើនជាងនេះទៀត។ ខ្ញុំពិតជារីករាយក្រៃលែងដែលបន្តកុងត្រាជាមួយក្លឹបដ៏អស្ចារ្យ។ ពេលដែល ខ្ញុំមកចូលរួម គោលបំណងរបស់ខ្ញុំគឺជួយក្រុមឈ្នះពានឲ្យបានច្រើន ហើយយើងក៏បានធ្វើវាច្រើនមកហើយក្នុ ២រដូវកាលកន្លងមក។ ខ្ញុំកំពុងធ្វើការយ៉ាងខ្លាំងដើម្បីបានត្រឡប់ទៅកាន់ទីលានវិញ។ ខ្ញុំក៏សូមអរគុណដល់អ្នកគាំទ្រតែងតែលើកទឹកចិត្តនិងគ្រូបង្វឹកដែលមានទំនុកចិត្តហើយជួយខ្ញុំទាំងក្រៅនិងក្នុងទីលាន”។
ចំណែកលោក Jose Mourinho វិញបាននិយាយដែរថា៖” Marcos បានខិតខំប្រឹងប្រែងអស់រយៈពេល២រដូវកាលចុងក្រោយ ហើយគាត់តែងតែបង្ហាញលក្ខណៈអាជីពពេញលេញរបស់គាត់។ ទោះបីជារបួសបានធ្វើឲ្យគាត់នៅក្រៅទីលានក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅ Marcos កំពុងធ្វើការធ្ងន់ដើម្បីត្រឡប់មកទីលានវិញ។ គាត់ត្រៀមខ្លួនរួចជាស្រេចដើម្បីយករាងកាយរបស់គាត់ជួយក្លឹបមួយនេះ ហើយខ្ញុំរីករាយណាស់ដែលគាត់បន្តកុងត្រាថ្មីជាមួយក្លឹប”៕