ខ្សែ​ការពារ​ស្លាប​ឡើង​ជើង​ខ្លាំង​របស់​ព័រទុយហ្គាល់ Raphael Guerreiro ​អាច​នឹង​ខក​ខាន​ក្នុង​ការ​ជួយ​ក្លឹប​លេង​ក្នុង​ពាន FIFA Confederation Cup និងលីក​ដើម​រដូវ​កាល​ក្រោយ ​​បន្ទាប់​ពី​រង​របួស​ប្រហែល​ជា​​បាក់​ជើង​ក្នុង​ការ​ប្រកួត​យប់​មិញ។

ពេល​នេះ​ក្រុម​ជម្រើស​ជាតិ​ទាំង​មូល ​កំពុង​ព្រួយបារម្ភ​ថា​​អាច​នឹង​បាក់​ជើង​ ពេល​ប៉ះ​ទង្គិច ​ក្នុង​ការ​ប្រកួត​យប់​មិញ​ដែល​ក្រុម​ព័រទុយហ្គាល់​ ឈ្នះ​ម្ចាស់​ផ្ទះ​រុស្សី​១​ទល់​០។  Guerreiro​បាន​សែង​ចេញ​ពី​ទីលាន​នៅ​នាទី​៦៦​បន្ទាប់​ពីក្រុម​របស់​ខ្លួន​នាំ​មុខ​មួយ​គ្រាប់​មុន​។

ហើយ​ពេល​នេះ​លោក  Fernando Santos  កំពុង​ព្រួយ​បារម្ភ​ថា​ Super Star របស់​ Borussia Dortmund ដែល​ទើប​លើក​បាល់​ឲ្យ​ Ronaldo ប្រើ​ក្បាល​សម្រេច​ទី​ត្រូវ​របួស​ធ្ងន់ធ្ងរ។ ” Raphael បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ពួក​យើង​គិត​ថា​គាត់​អាច​នឹង​បាក់​ជើង​។ នេះ​គឺ​ជា​ស្ថានភាព​ដ៏​អាក្រក់​សម្រាប់​ព័រទុយហ្គាល់​។ គាត់​ជា​កីឡាករ​ដ៏​អស្ចារ្យ​ហើយ​គាត់​លេង​បាន​ល្អ។ គាត់​ជា​កីឡាករ​មាន​គុណភាព​ខ្ពស់​ ហើយ​នេះ​ប្រហែល​ជា​ត្រូវ​ខក​ខាន​ក្នុង​ពេល​ចាប់​ផ្ដើម​រដូវ​កាល​ក្រោយ​ហើយ​”។

Raphael Guerreiro មាន​វ័យ​២៣​ឆ្នាំ​​គឺ​ជា​ផ្នែក​មួយ​ជួយ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ឈ្នះ​ពាន​ Euro 2016 ហើយ​រូប​គេ​បាន​ចាក​ចេញ​ពី​ក្លឹប​បារាំង​ Lorient ក្នុង​តម្លៃ​១២​លាន​ផោន​ទៅ​លេង​នៅ​ Dortmund ​ក្នុង​រដូវ​កាល​២០១៦/២០១៧៕