ក្រុមកញ្រ្ជោងខៀវ Leicester City ទើបតែទិញបានខ្សែការពារ Ricardo Pereira ពី FC Porto ក្នុងតម្លៃខ្លួន២២.៥លានផោន ដោយចុះកុងត្រារយៈពេល៥ឆ្នាំ។
ក្រោយផ្ទេរមកកាន់ទឹកដីអង់គ្លេសកីឡាករវ័យ២៤ឆ្នាំបានឲ្យដឹងថា៖ ខ្ញុំពិតជារីករាយណាស់ដែលអាចផ្លាស់មកជាមួយមិត្តរួមជាតិ Andrien Silva។ ខ្ញុំនឹងខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីជួយក្រុមតាមដែលអាចធ្វើបាន”។ ខណៈអ្នកចាត់ការ Claudi Puel វិញបានប្រាប់មកកាន់វិបសាយក្លឹបថា៖ “ខ្ញុំរីករាយណាស់ដែលមានកីឡាករដូចជា Ricardo នៅក្នុងក្រុមសម្រាប់រដូវកាលក្រោយ”។
Pereira និង Silva សុទ្ធតែមានភារកិច្ចជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ ដោយស្ថិតនៅក្នុងបញ្ជីរបស់គ្រូបង្វឹក Fernando Santos ទៅកាន់ព្រឹត្តិការណ៍ FIFA World Cup នៅប្រទេសរុស្ស៊ីនាខែមិថុនាខាងមុខនេះ។
គួររំលឹកថា ក្រុមជើងឯក Premier League ឆ្នាំ២០១៦ បានបញ្ចប់នៅចំណាត់ថ្នាក់លេខ៩នារដូវកាលនេះ ដោយមាន៤៧ពិន្ទុនៅក្នុងដៃ។