ការទើបតែរកបានគ្រាប់បាល់ទី១០០ក្នុងពានរង្វាន់លំដាប់អឺរ៉ុប គឺជារឿងមួយដែលគួរឲ្យអស្ចារ្យទៅហើយ ប៉ុន្តែប្រសិនបើកីឡាករអាហ្សង់ទីនអាចរក្សាថ្វីជើងរកគ្រាប់បាល់ ឬមិនរបួសដោយប្រការណាមួយនោះ នឹងមានកំណត់ត្រាថ្មីដែលកម្រមាននរណានឹងបំបែកបាន នឹងធ្លាក់ដល់ដៃ Messi។
កីឡាកររបស់ Barcelona នៅសល់តែ៥គ្រាប់ទៀតប៉ុណ្ណោះ នឹងក្លាយជាអ្នកគ្រាប់បាល់បានច្រើនបំផុតក្នុងចំណោមលីកកំពូលទាំង៥នៅអឺរ៉ុប។ ចាប់តាំងពីចូលលេងនៅរដូវកាល២០០៤/២០០៥ក្នុង La liga សរុបគ្រាប់បាល់ Messi រកបាន៣៦០គ្រាប់ហើយក្នុងការចូលលេងនៅ La liga ៣៩០ប្រកួតដែលកំណត់ត្រានេះនៅចាញ់អតីតកីឡាករ Gerd Mullerរបស់អាល្លឺម៉ង់។
អតីតកីឡាករជម្រើសជាតិអាល្លឺម៉ង់រកបាន៣៦៥គ្រាប់ក្នុងចំណោម៤២៧ប្រកួតឲ្យ Bayern Munich ក្នុង Bundesliga ចន្លោះឆ្នាំ១៩៦៦ដល់១៩៧៩ ហើយកំណត់ត្រានេះហើយ ដែលលោកបានក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេក្នុងចំណោមលីកកំពូលទាំង៥រហូតមកដល់បច្ចុប្បន្ន។ បែបណាក្ដី! Messi កំពុងតាមពីក្រោយកិតៗ ហើយស្របពេលប្រធានក្រុមពពកសអាហ្សង់ទីនរូបនេះទើបមានវ័យ៣០ឆ្នាំ។
Gerd Muller កាលនៅលេង ជម្រើសជាតិអាល្លឺម៉ង់
តាមពិតទៅ! Messi បានបំបែកកំណត់ត្រាអ្នករកបានគ្រាប់បាល់ច្រើនជាងគេក្នុងមួយរដូវកាល នៃលីកកំពូលទាំង៥កាលគិតគ្រប់ពានរង្វាន់ផ្លូវការពីឆ្នាំ ២០១២មកម្ល៉េះគឺ Messi រកបាន៩១គ្រាប់ ខណៈMuller រកបានត្រឹមតែ៨៥គ្រាប់ប៉ុណ្ណោះ។
កំណត់ត្រាដែល Messi ត្រូវដណ្ដើមពី Muller មានន័យថា ប្រសិនបើកីឡាករកម្ពស់១.៦៩ម៉ែត្ររកបាន៥គ្រាប់ទៀតក្នុង La liga រូបគេនឹងតាមទាន់កំណត់ត្រារបស់អតីតកីឡាករអាល្លឺម៉ង់ ហើយបើលើសដល់៦គ្រាប់ឡើងទៅនោះ Messi នឹងគ្រង់ដំណែងអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅអឺរ៉ុបក្នុងចំណោមលីកកំពូលទាំង៥មិនខាន។
Gerd Muller បច្ចុប្បន្ន
ប្រកួតបន្ទាប់ Barcelona នឹងត្រូវជួប Malaga, Atletic Bilbao និង Sevilla ហើយ៦គ្រាប់នេះ រូបគេមានភាគរយខ្ពស់បំផុតថានឹងអាចរកបាន ប្រសិនបើមិនរងរបួស ពិន័យឬក៏បញ្ហាអ្វីកើតឡើងដោយយថាហេតុទេនោះ៕