បន្ទាប់ពីប្រឈម​នឹងបញ្ហាដែលបង្កររបួសដោយអចេតនាលើ​ខ្សែប្រយុទ្ធ Mohamed Salah កាលពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ២០១៨ ឥឡូវនេះខ្សែការពារ Sergio Ramos បានប្តូរលេខទូរស័ព្ទ ក្រោយរងការគម្រាមសម្លាប់ពីសំណាក់ប្រិយមិត្តដែលកំពុងតែចងកំហឹងលើរូបគេ។

តាមការបញ្ជាក់របស់សារព័ត៌មាន COPE ប៉ូលីសប្រចាំប្រទេសអេស្ប៉ាញបានឲ្យដឹងថា សមាជិកក្រុម Real Madrid និង សមាជិករបស់ក្រុមគ្រួសារគេបានទទួលសារគម្រាមជាច្រើន ដែលជាហេតុធ្វើឲ្យរូបគេនឹងក្រុមគ្រួសារត្រូវធ្វើការប្តូរលេខទំនាក់ទំនង។

គួររំលឹកថា ការប្រកួតពានរង្វាន់ UEFA Champions League វគ្គ​ផ្ដាច់ព្រ័ត្រ​ ក្នុងអំឡុងការប្រកួតនោះ Salah បានរងរបួសនឹងត្រូវបានប្ដូរចេញក្នុងនាទី៣០ បន្ទាប់ពីជែងបាល់ជាមួយប្រធានក្រុម Sergio Ramos ដោយដៃប្រទាក់គ្នា ហើយដួលដោយមានរបួសស្មា។

មនុស្សជាង៤៥៥,០០០នាក់បានស៊ីញេលើញត្តិតាមបណ្ដាញអ៊ីនធឺណិត អំពាវនាវឱ្យសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) និងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដាក់ទណ្ឌកម្មលើខ្សែការពារ Sergio Ramos ចំពោះការធ្វើឱ្យ Mohamed Salah របួសអំឡុងការប្រកួតផ្ដាច់ព្រ័ត្រ Champions League រវាង Real Madrid និង Liverpool ថ្ងៃសៅរ៍ទី២៦ខែឧសភាឆ្នាំ២០១៨។

ក្រៅពីនេះថែមទាំងមានមេធាវីម្នាក់នៅអេហ្ស៊ីបបានដាក់ពាក្យបណ្ដឹងទៅ FIFA ទារសំណងពីប្រធានក្រុម Real Madrid ១ពាន់លានដុល្លារពីបទបង្កដោយចេតនានូវ “ការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត” ដល់ Salah និងប្រជាជនអេហ្ស៊ីបទាំងមូលផងដែរ។

យ៉ាងណាក្តី ក្រោយធ្វើដំណើរទៅដល់ប្រទេសអេស្ប៉ាញ ជាលទ្ធផលបានចេញមកហើយគឺ Mo Salah ត្រូវអវត្តមានប្រមាណ៤សប្តាហ៍ ប៉ុន្តែលោករំពឹងថារបួសនេះនឹងជាលឿនមុនកាលកំណត់។ នេះបើតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យក្លិប Liverpool។