ខណៈ​ការ​ប្រកួត ​UEFA Champion League ​ជើង​ទី​២​ រវាង​ក្រុម​ Paris Saint-Germain និង Real Madrid កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​កីឡាករ​ក្នុង​ក្រុម​ទាំង​សង​ខាង​សុទ្ធ​តែ​ខំ​ប្រឹង​ហ្វឹក​ហាត់​ និង​លេង​ក្នុង​ប្រកួត​ដែល​នៅ​សល់​ អោយ​បាន​ល្អ​ដើម្បីទាក់ទាញ​ទឹក​ចិត្ត​គ្រូ​ អោយ​ចុច​ឈ្មោះ​របស់​ខ្លួន​ចូល​ក្នុង​បញ្ជី​១១​នាក់​ដំបូង​ នា​ជំនួប​ស្លាប់​រស់​ដ៏​ធំ​ខាង​មុខ​នេះ។

ថ្ងៃ​នេះ​អាណាចក្រ​កីឡា​សូម​លើក​យក​កីឡាករ​របស់​ Real Madrid ៤​នាក់​ដែល​កំពុង​ធ្វើ​ការ​ប្រជែង​យក​តំណែង​១១​នាក់​ដំបូង​នៅ​ក្នុង​ក្រុម​នា​ថ្ងៃ​ប្រកួត​ធំ​ខាង​មុខ។កីឡាករ Keylor Navas, Dani Carvajal, Sergio Ramos, Marcelo, Casemiro, Toni Kroos, Luka Modric និង Cristiano Ronaldo គឺ​ត្រូវ​លោក​Zinedine Zidane ធានា​កៅអី​ជម្រើស​ដំបូង​រួច​ហើយ។​ ចំណែក​កន្លែង​ដែល​នៅ​សល់​គឺ​ត្រូវ​បែងចែក​ ទៅ​អោយ​កីឡាករ​ណា​ដែល​មាន​ទម្រង់​លេង​ល្អ​ជាង​គេ​ រហូត​ទាល់​តែ​ថ្ងៃ​ប្រកួត​មក​ដល់។

ក្នុង​ទម្រង់​4-3-3 ​នេះ​យើង​ឃើញ​ថា​ នៅ​ខ្វះ​ខ្សែ​ការពារ​កណ្ដាល​ម្នាក់​ទៀត​ ។​សម្រាប់​លោក ​Zidane មាន​ជម្រើស​ពីរ​នាក់​គឺ​ រវាង​ Nacho Fernandez រឺ​ Raphael Varane ដែល​មាន​សមត្ថភាព​ល្អ​ប្រហាក់​ប្រហែល​គ្នា។ សម្រាប់​តំណែង​ខ្សែ​បម្រើ​គឺ​មាន​គ្រប់​អស់​ហើយ​(Modric, Kroos, Casemiro) ដូច​នេះ​មិន​មាន​ការ​ឈឺក្បាល​ត្រូវ​ដាក់​នរណា​ទៀត​ទេ​។ ចំពោះ​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ទាំង​បី​វិញ​មាន​តែ Ronaldo ប៉ុណ្ណោះ​ដែល​ជាប់​ជម្រើស​ដំបូង​ ដូច្នេះ​នៅ​ខ្វះ​ពីរ​នាក់​ទៀត។

Benzema ​មាន​សង្ឃឹម​បាន​ចូល​លេង​ជាង​គេ​ ដោយសារ​តែ​អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​រូប​នេះ ​នៅ​តែ​មាន​ទំនុក​ចិត្ត​លើ​រូប​គេ។សម្រាប់​កៅអី​ចុង​ក្រោយ​ នៅ​មាន​កីឡាករ​ល្អៗ​ជា​ច្រើន​នាក់​ទៀត​ដែល​ចង់​បាន​ រួមមាន​ Gareth Bale, Isco, Asensio,​និង ​Lucas Vasquez។ ក្នុង​ចំណោម​៤​នាក់​នេះ​ និង​មាន​ម្នាក់​បាន​ជាប់​ជម្រើស​ដំបូង។ បើ​សិន​ជា ​Gareth Bale ​អាច​ជា​សះស្បើយ​ និង​ fit 100%​ មុន​ថ្ងៃ​ប្រកួត​មក​ដល់​ គេ​ធានា​នឹង​បាន​ចូល​លេង​មិន​ខាន៕

Marca En