Mohamed Salah បាន​ក្លាយ​ជា​កីឡាករ​លេង​ល្អ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​​ Premier League រដូវ​កាល​នេះ​ដោយ​រក​បាន​១៩​គ្រាប់​ក្នុង​ចំណោម​២៤​ប្រកួត​ឲ្យ​ Liverpool។

Liverpool បាន​សម្រេច​ចិត្ត​ចុះ​កុង​ត្រា​យក​កីឡាករ​រូប​នេះ​ ក្រោម​សម្ពាធ​និង​សំណួរ​ជា​ច្រើន​​ ខណៈ​កីឡាករ​រូប​នេះ​គ្រាន់​តែ​ជា​កីឡាករ​បម្រុង​ម្នាក់​ហើយ​មិន​សូវ​បាន​លេង​នៅ ​Chelsea​។​ប៉ុន្តែ​វរបុរស​តោ​ខៀវ​ Didier Drogba បាន​ទម្លាយ​ថា​គាត់​តែង​តែ​ជឿ​ជាក់​លើ ​Salah រហូត។

កីឡាករ​ទាំង​ពីរ​ធ្លាប់​លេង​ជាមួយ​គ្នា​កាល​នៅ ​Stamford Bridge ហើយ​គាត់​បាន​និយាយ​ក្នុង​ទូរទស្សន៍ ​BBC ថា​ Salah ធ្លាប់​ផ្ញើ​សារ​ទៅ​គាត់​សួរ​ពី​មូលហេតុ​អី​បាន​ជា​មិន​អាច​រក​គ្រប់​បាល់​បាន​។​ ទោះ​បី​ជា​​ពេល​នេះ​គាត់​នៅ​ឆ្ងាយ​ពី​គ្នា​ Drogba នៅ​តែ​ ជា​អ្នក​គាំទ្រ​ដ៏​ងប់ងុល​របស់ ​Salah​ ហើយ​ជឿ​ថា​ថ្វី​ជើង​របស់​ កីឡាករ​សញ្ជាតិ​អេហ្ស៊ីប​នឹង​ឡើង​ដល់​កម្រិត​កំពូល។

“ គាត់​ពិត​ជា​មិន​អាច​ទស្សន៍ទាយ​បាន​ឡើយ​។ ​គាត់​អាច​ញាក់​បាល់​បង្ហួស​អ្នក​ ហើយ​គាត់​ពិត​ជា​ខ្លាំង ​និង​អាច​រក​គ្រាប់​បាល់។ មាន​ម្ដង​នោះ​គាត់​បាន​សរសរ​សារ​ផ្ញើ​មក​ខ្ញុំ​ដោយ​និយាយ​ថា​៖ ខ្ញុំ​រក​គ្រាប់​បាល់​អត់​បាន ​​ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អ្វី?​ហើយ​ខ្ញុំ​ក៏​និយាយ​ថា​​ បញ្ហា​វា​គ្រាន់​តែ​ជា​ពេល​វេលា​ និង​ភាព​ជឿជាក់​របស់​អ្នក​​ប៉ុណ្ណោះ។ ពេល​ដែល​អ្នក​មាន​ភាព​ជឿជាក់​ គ្រប់​យ៉ាង​អាច​កើត​ឡើង”។ ​ហើយ​អ្នក​អាច​ឃើញ​ហើយ​ថា​គាត់​កំពុង​រក​គ្រាប់​បាល់​បាន​ច្រើន។

“ ខ្ញុំ​បាន​ឃើញ​គាត់​រីក​ចម្រើន​ខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ គាត់​បាន​ទៅ​អ៊ីតាលី​ ដើម្បី​បង្ហាញ​ទម្រង់​លេង​ ហើយ​បន្ទាប់​មក​គាត់​ត្រឡប់​មក​អង់គ្លេស ​ដើម្បី​បង្ហាញ​ថា​គាត់​គឺ​ជា​កីឡាករ​ដែល​យើង​តែង​តែ​ជឿ​ជាក់​បាន”៕